ក្រៅពីលោក (អធិការរងនគរបាលស្រុកបវេល) អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏បានរកឃើញមនុស្សចំនួន ៥នាក់ ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scam នេះ ក្នុងនោះមាន ឈ្មោះ តាំង សំណាង ជាយោធា (មានខ្លួន), ឈ្មោះ ហេង សុខណា (គេចខ្លួន) , ឈ្មោះ មុនី សុខដារ៉ូ (នគរបាលខេត្តកំពត គេចខ្លួន) , ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ចំនួន ៤៣នាក់ ជាជនជាតិថៃ និង ជាអ្នកចំណាយលុយ ៧៧៤,០០០ដុល្លារ រត់ការដោះលែងកូនចៅ (គេចខ្លួន) និង ឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ (ACU) ករណីនេះ បានកើតឡើងតាំងពី ខែឧសភា ឆ្នាំ២០២៥ មកម្លេះ! ពោលនៅពេលនគរបាលជាតិ តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញ អ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ ក្នុងនោះជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ។
ជាគោលការណ៍ នគរបាលជាតិ នឹងត្រូវបណ្តេញអ្នក(ឆបោក)ទាំងនោះចេញពីកម្ពុជា នឹងត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ។ ថៅកែទីតាំង Online Scams ជាជនជាតិថៃ ឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការ ដើម្បីសុំឲ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ពីការឃុំឃាំង និងសុំកុំឲ្យបញ្ជូនទៅប្រទេសថៃវិញ! ព្រមទាំងអនុញ្ញាតឲ្យបាននៅក្នុងប្រទេសកម្ពុជា បន្តធ្វើការវិញដដែល ដោយចំណាយអស់ប្រាក់ជាច្រើន។
ការរត់ការនេះត្រូវបរាជ័យ! ព្រោះនគរបាលជាតិ មិនអាចសម្របសម្រួលឲ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជានៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ (៦ថ្ងៃក្រោយ) ព្រមទាំងរឹបអូសបានប្រាក់រត់ការ ២០០,០០០ ដុល្លារអាមេរិក ជូនមកតុលាការ។ ដោយសាររឿងនេះជារឿងរត់ការតុលាការ បញ្ជូនសំណុំរឿងនេះ មកអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ចវិញ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា៖ លោកវរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ចំនួន ៧៧៤,០០០ ដុល្លារអាមេរិក (ក្នុងម្នាក់១៨,០០០ ដុល្លារអាមេរិក) ពី ឈ្មោះ OVARARINT RAWI ជាជាតិថៃ និងជាថៅកែពួក Online Scams ៤៣ នាក់នោះ ដើម្បីរត់ការដោះលែងកូនចៅរបស់ខ្លួន តាមរយៈជនជាតិថៃមួយរូបទៀត ឈ្មោះ SRIPHAN SUPARP។
នៅយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ឈ្មោះ វ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤,០០០ដុល្លារ ឲ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ដែលមាន ឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់ ។ ក្រោយពីមានភស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនជនសង្ស័យ (ប៉ុនប៉ងសូកប៉ាន់) ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ។
អង្គភាពប្រឆាំងអំពើពុរលួយ (ACU) កំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ ៤នាក់ ទៀត ខណៈ ឈ្មោះ ហេង សុខណា និង ឈ្មោះ មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបាននៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ពីបទ៖ (ប៉ុនប៉ងសូកប៉ាន់) ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២រូប ទៀត ដែលពុំទាន់ចាប់បានសុទ្ធតែជាជនជាតិថៃ ហើយជាម្ចាស់ Call Center៕