ខេត្តកំពត៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះវីរកងទ័ពខ្មែរទាំង ១៨រូប ដែលត្រូវកងទ័ពថៃ ចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ បានចូលជាធរមាន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា៖ ក្នុងនោះ ក្រុមការងារពិសេស របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើលិខិតទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ដើម្បីជួយដល់វីរកងទ័ពរបស់យើង។
ការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត។
ឯកឧត្តម កែវ រ៉េមី បានថ្លែងថា៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្សតែងតែធ្វើការផ្សព្វផ្សាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការ យល់ដឹងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីយន្តការ និងដំណើរការនៃការសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការការពាររបាយការណ៍ និងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋាន។
ឯកឧត្តម បានបន្ថែមថា៖ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការរក្សាបាននូវសុខដុមនីយកម្ម ផ្នែកសាសនា និងការគិតគូរដល់ក្រុមជនងាយរងគ្រោះ។ មួយវិញទៀត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបង្ហាញនូវឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងពិធីសារបន្ថែមចំនួន៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ព្រមទាំងការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានា។ លើសពីនេះ កម្ពុជា ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ៖ សម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ក្នុងការរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយជាពិសេសតាមរយៈនយោបាយ ឈ្នះឈ្នះ បាននាំយកនូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេសមិនតែប៉ុណ្ណោះ កម្ពុជាមិនមានទោសប្រហារជីវិតឡើយដែលទាំងនេះ គឺកត្តាចម្បងចាំបាច់បំផុតក្នុងការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប ដែល ជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបានរបស់មនុស្សគ្រប់រូប មុននឹងនិយាយអំពីសិទ្ធិដទៃទៀត។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួបរួមគ្នាដើម្បីរក្សា ឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានសិទ្ធិមនុស្ស៕





