ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយសារមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រំពឹងធ្វើកសិកម្មដោយឥតបារម្ភ បន្ទាប់ពីក្រុមជំនាញដោះមីនចេញពីដីស្រែចំការរួចរាល់

ពលរដ្ឋរងគ្រោះដោយសារមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រំពឹងធ្វើកសិកម្មដោយឥតបារម្ភ បន្ទាប់ពីក្រុមជំនាញដោះមីនចេញពីដីស្រែចំការរួចរាល់

បាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះដោយយុទ្ធភណ្ឌមិនទាន់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានសម្ដែងការរំពឹងថានឹងប្រកបរបរកសិកម្មដោយឥតព្រួយបារម្ភ បន្ទាប់ពីក្រុមជំនាញដោះមីនចាត់ការរឿងដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីដីស្រែចំការរួចរាល់។

លោក ម៉ៅ ម៉ាន ដែលមានអាយុ៥២ឆ្នាំ លើកឡើងទាំងទឹកមុខក្រៀមក្រំថា លោកពិការជើងតាំងពីឆ្នាំ១៩៨០ជាង គឺដោយសារគ្រាប់មីននៅក្នុងខេត្តប៉ៃលិន។

លោកបានបន្តថា លោកមានអារម្មណ៍សោកស្តាយជាខ្លាំង ព្រោះគ្រាប់មីនធ្វើឱ្យលោកពិការ និងមិនអាចទៅប្រកបការងារអ្វីបាន ក្រៅពីការងារចំការបន្តិចបន្តួច គ្រាន់បានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។

លោក ម៉ៅ ម៉ាន បានបញ្ជាក់ទៀតថា នៅពេលក្រុមការងារជំនាញដោះមីនសម្រេចកិច្ចការដោះមីនចេញពីដីកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ដូចជាដីរបស់លោករួចហើយនោះ លោកនឹងអាចធ្វើស្រែធ្វើចំការដោយមិនមានការព្រួយបារម្ភពីរឿងជាន់មីន ហើយនឹងបានពង្រីកដីធ្វើចំការបន្ថែមទៀត។

ចំណែកអ្នកស្រី នុប ធាវី អាយុ៤៨ឆ្នាំ ក៏លើកឡើងមិនខុសគ្នាដែរ ហើយអ្នកស្រីក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលជួយពន្លឿនការបោសសម្អាតគ្រាប់មីនដែលបានបន្សល់ពីសង្រ្គាមឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងប្រកបរបរកសិកម្ម បន្តជីវភាពតទៅមុខទៀត។

ជាមួយនេះដែរ អ្នកស្រីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវរួមគ្នាថែរក្សា សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយមិនត្រូវជឿលើការញុះញង់របស់បុគ្គល់មួយក្តាប់តូចដែលចង់ចង់ឱ្យយើងបែកបាក់គ្នា។

ក្រុមកសិករខាងលើនេះពិតជាឆ្អែតឆ្អន់នឹងសង្រ្គាមកាលពីជាង៣០ឆ្នាំមុន ដែលបានបន្សល់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះពិការដៃជើង និងបាត់បង់ជីវិតផងដែរ៕

crt

Leave a Reply

Your email address will not be published.