ព័ត៌មានជាតិ

ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ជ្រក​ក្រោម​ពាក់​ស្លាក​លេខ​នគរបាល សង្ស័យ​គ្មាន​ពន្ធ

ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ជ្រក​ក្រោម​ពាក់​ស្លាក​លេខ​នគរបាល សង្ស័យ​គ្មាន​ពន្ធ

 

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចុះ​ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ​នគរបាល ដែល​ម្ចាស់​ចត​ទុក​នៅផ្ទះ លុះ​សួរ​រក​ឯកសារ​ពាក់ព័ន្ធ​នឹង​រថយន្ដ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ ក៏​សម្រេច​ធ្វើការ​ឃាត់​រថយន្ដ​នោះ​តែ​ម្តង ដោយ​សង្ស័យ​ថា ជា​រថយន្ដ​អត់​ពន្ធ​។

 

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ឃាត់​រថយន្ដ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​១៣៦ ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ដែល​នៅ​ជាប់​នឹង​ឱសថស្ថាន « ហេង ហេង​» ចំណុច​ផ្សារ​តា​ប៉ា​ង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

 

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក Cadillac escalade ពណ៌​ខ្មៅ ពាក់​ស្លាក នគរបាល 2-7898 ដែល​ម្ចាស់​រថយន្ត​តែងតែ​យក​មក​ចត​នៅ​ទីនោះ​ជា​ប្រចាំ ហើយ​ម្ចាស់​រថយន្ត គឺជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង​ដែរ​។

 

តាម​ប្រភព​ពី​អ្នក​ជិត​ស្និទ្ធ​នៃ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា រថយន្ត​ខាងលើ ជា​រថយន្ត​មាន​ឯកសារ​ត្រឹមត្រូវ គ្រាន់តែ​ម្ចាស់​រថយន្ត​បំពាក់​ស្លាក​នគរបាល ដើម្បី​បម្រើ​នៅ​អង្គភាព​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ដ​ខាងលើ ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​មក​ឃាត់ និង​ត្រួតពិនិត្យ​រក​ឯកសារ​ពាក់ព័ន្ធ​របស់​រថយន្ត ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ទៅ​កាន់​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​កម្ពុជា​នោះ​ទេ ទើប​មន្ត្រី​ជំនាញ​សម្រេចចិត្ត​នាំ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​តែ​ម្តង ដើម្បី​ដោះស្រាយ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ជំនាញ​នៃ​ច្បាប់​៕

crt

Leave a Reply

Your email address will not be published.