ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថៃប្រកាសរំលាយសភា ដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកល

នាយករដ្ឋមន្រ្តីថៃប្រកាសរំលាយសភា ដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកល

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានរំលាយសភា ដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកលអាណត្តិថ្មី នៅខែឧសភាខាងមុខ ដែលជាការបោះឆ្នោតសកលលើកទី២ ក្នុងប្រទេសថៃ គិតចាប់តាំងពីរូបលោកបានឡើងកាន់អំណាចដំបូង តាមរយៈការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។

 

ក្រោយការប្រកាសរំលាយសភាខាងលើ គណៈកម្មការរៀបចំការបោះឆ្នោតថៃ នឹងប្រកាសពីកាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោត ខណៈកន្លង​មកនេះ ធ្លាប់មានការបង្ហើបឱ្យដឹងថា វាទំនងជាអាចរៀបចំឡើងនៅថ្ងៃទី៧ ឬមួយក៏ថ្ងៃទី១៤ ខែឧសភា។

 

ការបោះឆ្នោតក្នុងពេលប៉ុន្មានខែខាងមុខនេះ នឹងមើលឃើ់ញលោក ប្រាយុទ្ធ ត្រូវប្រកួតប្រជែងជាចម្បង ជាមួយកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ដែលត្រូវគេរំពឹងជាបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសថៃ គឺគណបក្ស​ភឿថៃ។

 

ការស្ទង់មតិថ្មីចុងក្រោយបង្អស់ ដែលទើបចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបង្ហាញថា អ្នកនាង ផែថោងថាន កំពុងមានសំឡេងគាំទ្រនាំមុខលោក ប្រាយុទ្ធ ដាច់កាន់តែឆ្ងាយ។ យ៉ាងណាមិញ រដ្ឋធម្មនុញ្ញដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ក្រោមអតីតរបបដឹកនាំយោធា នឹងបង្កភាពលំបាក បើទោះបីជាបក្សភឿថៃ ទទួលសំឡេងគាំទ្របានច្រើន ក្នុងការបោះឆ្នោតក៏ដោយ។

 

ប្រសិនបើគណបក្សភឿថៃ ទទួលជ័យជម្នះហើយអាច​បង្កើតរដ្ឋាភិបាលថ្មីបាន នោះអ្នកនាង ផែថោងថាន នឹងក្លាយជាសមាជិកទី៣ នៃត្រកូល ស៊ីណាវ៉ាត់ ដែលក្លាយជានាយករដ្ឋមន្រ្តីប្រទេសថៃ បន្ទាប់ពីលោក ថាក់ស៊ីន ហើយនិងលោកស្រី យីងឡាក់ ដែលជាម្តាយមីង និងត្រូវបានទម្លាក់ពីអំណាច ដោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ របស់លោក ប្រាយុទ្ធ៕

crt

Leave a Reply

Your email address will not be published.