ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ព្រមានថា ជនក្បត់ជាតិ និងបំផ្លាញជាតិ មិនត្រូវអត់ឱននិងឱ្យចូលរួមក្នុងដំណើរប្រជាធិបតេយ្យនោះឡើយ

សម្តេចតេជោ ហ៊ុន សែន ព្រមានថា ជនក្បត់ជាតិ និងបំផ្លាញជាតិ មិនត្រូវអត់ឱននិងឱ្យចូលរួមក្នុងដំណើរប្រជាធិបតេយ្យនោះឡើយ

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានព្រមានថា ជនក្បត់ជាតិ និងបំផ្លាញជាតិ មិនត្រូវអត់ឱន និងឱ្យចូលរួមក្នុងដំណើរប្រជាធិបតេយ្យនោះឡើយ។

សារនយោបាយដ៏ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជាមួយនឹងថ្លែងសារខាងលើ សម្តេចតេជោ ហ៊ុន សែន បានព្រមានដែរថា សារព័ត៌មាន ដែលអាក្រក់ និងទុច្ចរិត ក៏មិនបាច់ទុកឲ្យដំណើរការនៅកម្ពុជាទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ជនណាក៏ដោយ ដែលក្បត់ជាតិ ឬក៏បំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនហើយចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ ព្រោះអ្នកឯងចង់បានអំណាចដោយមិនប្រជាធិបតេយ្យ ដូច្នេះខ្ញុំក៏មិនត្រូវអត់ឱនឲ្យអ្នកឯងដែរ ក្នុងពេលខ្ញុំកាន់អំណាច»។

សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅបរទេសទាំងឡាយថា ជ្រើសយកកម្ពុជាទាំងមូល ឬជ្រើសយកមនុស្សមួយក្រុមដែលធ្វើការខុសច្បាប់។ សម្តេចតេជោ បានប្រកាសគាំទ្រសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា ដែលហាមមិនឱ្យមហាអំណាចលូកដៃចូលកិច្ចការប្រទេសអាស៊ាន ហើយសម្តេចតេជោ បានចាត់ទុកលោក អាន់វ៉ា ជាដៃគូដ៏ល្អមួយ។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានលើកឡើងពីប្រទេសអាល្លឺម៉ង់ ដែលមានសន្តិភាពតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកដល់ពេលនេះហើយ ត្រូវចាប់មនុស្សអំពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ សម្តេចតេជោ បញ្ជាក់ថា រឿងសន្តិភាពនេះត្រូវការពារ ដោយមិនចាំបាច់ទាល់តែបាត់ ទើបស្វែងរកវានោះទេ៕

crt

Leave a Reply

Your email address will not be published.