ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ បណ្តាលឲ្យរងការជន់លិច នៅព្រឹកនេះ

CRT News


 ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ បណ្តាលឲ្យរងការជន់លិច នៅព្រឹកនេះ


ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​វី​ដេ​អូ​ឃ្លី​ប​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ជាបឋម​ថា ៖នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ក្បាលឆាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភភូមិទី១ សសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កំពុងទទួល​រង​ការ​ជន់​លិច​យ៉ាង​ខ្លាំង ។




ការ​ជន់​លិច​នេះ គឺ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​អោយ​ប្រភព​ទឹកជា​ច្រើន​មក​ពី​ជួរ​ភ្នំ​ផ្សេង​ៗ​បាន​ហូរ​ធ្លាក់​យ៉ាង​ខ្លាំង នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ។


បើ​តាម​អាជីវករ​អ្នក​លក់ដូរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖ ស្ថានភាព​ទឹក​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ក្បាលឆាយ នៅ​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ បាន​ស្រក​ចុះ​ហើយ ។ យ៉ាងណា អាជ្ញាធរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរ​ដែល​បាន​ដើរ​លេង​កម្សាន្ដ​នៅ​រមណីយដ្ឋាន​នេះ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​សុ​វត្តិភាព ។


ដោយឡែក តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃនេះ បានអោយ​ដឹង​ថា៖ ទីក្រុង​ភ្នំពេញ និង​ខេត្ត​នានា​ស្ទើរ​ទាំងអស់ នៃ​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ។


ក្រសួង បានអោយ​ដឹង​ទៀតបន្ត​ថា៖ ព្យុះ​ទី​១៤ «​ពូ​ល​ឡា​សាន​» បន្ត​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្យុះ​ទី​១៤ មានឈ្មោះ​ពូ​ល​ឡា​សាន បាន​បន្ត​ធ្វើ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២០ ខែកញ្ញា ឆ្នាំ​២០២៤ ។ នៅ​តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​៤០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,២៥​ម៉ែត្រ ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top