លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បព្ជារកម្លាំងជំនាញបង្ក្រាបភ្លាមៗ ក្រោយទទួលពត៌មានពីការចាប់ជំរិត

CRT News


ខេត្តកណ្តាល ៖ ក្រោយពីមានគណនី TikTok មួយ បង្ហោះវីដេអូនូវសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចដោយភ្ជាប់ជាមួយខ្លឹមសារថា «វត្តចេតិយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧត្តុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបាន៧នាក់  ព័ត៌មានបឋម22/10/2024» ដែលការបង្ហោះបែបនេះ អាចធ្វើឱ្យមហាជនមានការយល់ច្រឡំ និងភ័យខ្លាចផងដែរ ។


យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនី TikTok ឈ្មោះ SOKHUN បានបង្ហោះវីដេអូសកម្មភាពកងកម្លាំងនគរបាលស្រុកពញាឮ ចេញប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតដោយភ្ជាប់ខ្លឹមសារថា៖ «វត្តចេតីយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧដុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបានចំនួន៧នាក់ ព័ត៌មានបឋម 22/10/2024» ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ ដោយអនុវត្តតាមបទបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖


នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទ័ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា ៖មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្ត្រភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។


បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមៗ លោកអធិការបានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ ក៏បានឃើញរថយន្តចំនួន០២គ្រឿងម៉ាក ALPHARD ដែលមានពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ 2AX-9081 ០១គ្រឿង និងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្តចំនួន០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ ។


បន្ទាប់មក កម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្តបានឃើញជនរងគ្រោះចំនួន០២នាក់ ៖ ទី១-ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១៩៩៨  បច្ចុប្បន្ន ស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង ( កំពុងអង្គុយក្នុងឡាន ពណ៌.ស ស្ថានភាពដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង)។ និងទី២-ឈ្មោះម៉ៅ ភក្តី ហៅភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ) ។


ប្រភពបន្តថា៖ ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួនបានតាមស្វែងរកជនសង្ស័យ បន្ទាប់មក កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្តបានចំនួន០៣នាក់ រួមមាន ៖


ទី១-ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188 ។ 

ទី២-ឈ្មោះ MUZBOLAT ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN  កាន់ Passport លេខ N 12705569 ។ 

និងទី៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN  កាន់ Passport គ្មាន។


សូមបញ្ជាក់ថា៖ ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ ។ 


បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់។


អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ!!!៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top