ក្រោយបានទទួលបញ្ជា ពីលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងជំនាញនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងអង្គភាពការពារកុមារ (CPU) ។
ជនរងគ្រោះទាំងចំនួន៣នាក់ រួមមាន÷ ទី១-ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន និងត្រូវជាប្រពន្ធជនសង្ស័យ, ទី២-ឈ្មោះ វុធន ស៊ីជន ភេទប្រុស អាយុ១០ឆ្នាំ ជាសិស្ស និងត្រូវកូនជនសង្ស័យ,និង៣-ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ០៨ឆ្នាំ ជាសិស្ស ត្រូវជាកូនជនសង្ស័យ ។ រីឯចំណែកជនសង្ស័យត្រូវជាប្ដី និងត្រូវជាឪពុករបស់កុមារារងគ្រោះឈ្មោះ វុធន សុខចាន់ អាយុ៣៤ឆ្នាំ ជាគ្រូបង្រៀន និងជានាយកសាលាបឋមសិក្សា«សិរីជ័យមង្គល» បានធ្វើអត្តឃាតដោយចងក ខ្លួនឯង។
តាមការបំភ្លឺពីឈ្មោះ អោម ទូច ត្រូវជាឪពុក និងជាជីតារបស់ជនរងគ្រោះ និងឈ្មោះ ឈឹម យិន ត្រូវជាម្តាយ និងជីដូនរបស់ជនរងគ្រោះ បានឱ្យដឹងថា÷ កាលពីឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរជាគ្រូបង្រៀននិងជាសំអាង។
តាមប្រភពដដែលបានបន្តថា ÷ក្រោយពីធ្វើផ្ទះរួច ជនរងគ្រោះជាប្រពន្ធ និងជនសង្ស័យជាប្ដីចាប់ផ្ដើមចេះលេងល្បែងស៊ីសង ដោយជនសង្ស័យជាប្ដីលេងល្បែងជល់មាន់និងល្បែងឡូតូតាមអនឡាញ (ដោយបង្កើត account ក្នុងទូរសព្ទដៃរបស់ខ្លួន) និងចាក់កន្ទុយលេខឆ្នោតវៀតណាមជាមួយមេឆ្នោតតាមរយៈទូរសព្ទផងដែរ។ ចំណែកជនរងគ្រោះជាប្រពន្ធក៏លេងល្បែងឆ្នោតវៀតណាមដូចគ្នាដោយចាក់តាមរយៈទូរសព្ទដៃដែរ។ តាំងពីពេលនោះមកជនរងគ្រោះ និងជនសង្ស័យជាប្ដីចាប់ផ្ដើមខ្ចីចងការប្រាក់ឯកជនពីអ្នករកស៊ីចងការប្រាក់តាមភូមិជាច្រើននាក់ទៀតផងដែរ។
តាមប្រភពដដែលបានបន្តថា ÷លុះដល់ឆ្នាំ២០២២ ជនរងគ្រោះ និងជនសង្ស័យជាប្ដីបានមកសុំខ្ចីប្លង់ដីពីម្ដាយដើម្បីដាក់យកលុយពីមីក្រូហិរញ្ញវត្ថុបន្ថែមទៀត ក្នុងពេលនោះម្ដាយក្មេកឈ្មោះ ឈិម យន បានអង្វរជនសង្ស័យឈ្មោះ វុធន សុខចាន់ ដែលជាកូនប្រសារឱ្យឈប់លេងល្បែងបន្តទៀតទៅ តែជនសង្ស័យមិនស្ដាប់ ដោយគាត់ជាម្ដាយឧស្សាហ៍ឃើញបុគ្គលិកមីក្រូហិរញវត្ថុមកទារប្រាក់រហូត។
តាមប្រភពដដែលបានបន្តថា ÷ លុះនៅថ្ងៃទី២២ វិច្ឆិកា ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ បុគ្គលិកមីក្រូហិរញវត្ថុបានមកទារប្រាក់ពីជនរងគ្រោះ និងជនសង្ស័យជាប្ដី ដោយអ្នកទាំងពីរបង់ប្រាក់យឺតយ៉ាវ ហើយបានឃើញនិយាយគ្នាប្រហែលកន្លះម៉ោងក៏ឃើញបុគ្គលិកមីក្រូហិរញ្ញវត្ថុត្រឡប់ទៅវិញ។ ដល់វេលាម៉ោង៦យប់ ជនរងគ្រោះនិងជនសង្ស័យជាប្ដីបានជិះម៉ូតូឌុបគ្នាទៅរកខ្ចីប្រាក់ពីអ្នកចងការប្រាក់តែរកមិនបាន ដល់វេលាម៉ោង៨យប់ ជនរងគ្រោះទាំង០៣នាក់ និងជនសង្ស័យជាប្ដី ក្រោយពីហូបបាយរួចក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះដោយដាក់គន្លឹះទ្វារធម្មតាដូចរាល់ថ្ងៃ។
តាមប្រភពដដែលបានបន្តថា ÷ រហូតដល់ថ្ងៃទី២៣ វិច្ឆិកា ២០២៤ វេលាម៉ោង៦និង៤០នាទីព្រឹក ម្ដាយជនរងគ្រោះបានឃើញទ្វារផ្ទះរបស់ជនរងគ្រោះបិទ មិនឃើញគ្រួសារជនរងគ្រោះចុះពីលើផ្ទះ គាត់ក៏ឡើងទៅគោះទ្វារស្រែកហៅ តែមិនមាន ឮអ្នកណាឆ្លើយ ដោយមានការសង្ស័យគាត់ ក៏ទូរសព្ទហៅកូនៗ និងចៅឱ្យមកជួយមើល ពេលមកដល់គាត់ក៏បាននាំគ្នាកាត់សោបន្ទប់ក្រោមផ្ទះឃើញម៉ូតូ និងកង់របស់ជនរងគ្រោះនៅធម្មតា រួចក៏បន្តរទៅយកជណ្ដើរដែកឡើងទៅគាស់បង្អួច និងអារចម្រឹងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ក៏ឃើញកូនស្រីនិងចៅៗដេកស្លាប់លើគ្រែពូក និងកូនប្រសារ (ជនសង្ស័យ) ចងកស្លាប់នៅធ្នឹមដំបូលផ្ទះក្នុងបន្ទប់ ឃើញដូច្នេះពួកគាត់ក៏បានផ្អើលឆោឡោដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍តែម្ដង។
តាមការពិនិត្យកន្លែងកើតហេតុ ស្ថានភាពកន្លែងកើតហេតុ ជាផ្ទះរបស់ជនរងគ្រោះ ជាផ្ទះខ្ពស់ប្រក់ក្បឿង ជញ្ជាំងក្តារ ក្រាលក្តារ មានបន្ទប់នៅខាងក្រោមមួយ និងជាន់ខាងលើ មានបន្ទប់មួយ កើតហេតុនៅក្នុងបន្ទប់ខាងលើ ឃើញមានទ្វារចំហ មានគ្រែមានពូក ០១ និងបានឃើញមានសាកសព ចំនួន០៤នាក់ មានក្មេង០២នាក់ មានម្តាយ ដេកស្លាប់នៅលើពូក និងមានសាកសពប្តី ចងក នៅជិតមាត់ទ្វារ ចំណងចងដោយខ្សែគោ ចងជាប់និងធ្នឹម មានកម្ពស់០៣ម៉ែត្រ មានកៅអីជ័រក្រហមនៅជាប់ជើងសព។
តាមការពិនិត្យសាកសព បានរកឃើញថា÷ ទី១-ឈ្មោះ ទូច ស្រីហាច មានសភាពរឹង ផ្ទៃមុខស្លេកស្លាំង មានស្លាកស្នាមទ្រុឌជាំនៅជុំវិញផ្នែក ក មានស្រុងឈាមផ្នែកដងខ្លួន និងជើង, ទី២-ឈ្មោះ វុធន ស៊ីជន មានសភាពស្លេកស្លាំង ផ្នែក ក មានស្លាកស្នាមទ្រុឌជាំនៅជុំវិញ ក និងមានស្រុងឈាមផ្នែកខ្នង, ៣-ឈ្មោះ វុធន ស៊ីប៊ែល មានសភាពរឹង មានស្លាកស្នាមជាំទ្រុឌ ជុំវិញក និងមានស្រុងឈាមដងខ្លួន, និង៤-ឈ្មោះ វុធន សុខចាន់ ស្លាកស្នាមជាំទ្រុឌជុំវិញក រាងអក្សរ (U) មានស្រុងឈាម និងពណ៌ស្វាយចុងម្រាមដៃម្រាមជើង។
យោងតាមការពិនិត្យកន្លែងកើតហេតុ និងយោងតាមការពិនិត្យ របស់អ្នកជំនាញអង្គភាព ការពារកុមា CPU អាចវាយតម្លៃបានថា÷ ១-ជនរងគ្រោះឈ្មោះ ទូច ស្រីហាច, ឈ្មោះ វុធន ស៊ីជន និងឈ្មោះ វុធន ស៊ីប៊ែល ស្លាប់ដោយរឹតក (ឃាតកម្ម), និង២-ជនសង្ស័យឈ្មោះ វុធន សុខចាន់ ស្លាប់ដោយចងក (អត្តឃាត) ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា÷ ជាករណីឃាតកម្មរឹតកសម្លាប់ប្រពន្ធ និងកូន រួចចងកធ្វើអត្តឃាត។
ក្រោយសមត្ថកិច្ចពិនិត្យរួចរាល់ សពទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឈ្មោះ អោម ទូច និងឈ្មោះ ឈឹម យិន ត្រូវជាឪពុកម្តាយជីដូនជីតាបង្កើតសព និងជាឪពុកក្មេកសពជនសង្ស័យ ដោយយកទៅធ្វើបុណ្យតាមប្រពៃណី ៕