ខេត្តព្រះសីហនុ៖ តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ ដាក់គុក២ឆ្នាំ តែទោសត្រូវព្យួរ និង សងសំណងជំងឺចិត្តជនរងគ្រោះចំនួន ៤០លានរៀល ។
ចៅក្រម បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស អ៊ុក ផាណារ៉េត នៅរសៀលថ្ងៃទិ២៩ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ការប្រកាសសាលក្រមនេះ បន្ទាប់បើកសាវនាការជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ៩២៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤- ឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។ សមាសភាពជំនុំជម្រះមាន លោក សុង ប៊ុណ្ណារិទ្ធិចៅក្រមជំនុំជម្រះលោកសៀង សុខ តំណាងអយ្យការលោកឈិន ធារិទ្ធិក្រឡាបញ្ជីសវនាការ។
ការផ្តន្ទាទោសនេះ ស្របពេលដែលត្រូវ ជនរងគ្រោះ រ័ត្ន គន្ធី កំពុងទទួលការព្យាបាលរបួសដោយសារតែការវាយដំពីសំណាក់ លោក អ៊ុក ផាណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ។
ទោះយ៉ាងណាជនរងគ្រោះបានសម្តែងការមិនសុខចិត្ត ដោយសារ តែការសម្រេចសំណងមិនអាចព្យាបាលជំងឺ និងផលប៉ះពាល់ដល់សរីរាង្គ ដែលអាចធ្លាក់ខ្លួនពិការនាពេលអនាគត៕