កូនស្រីអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ ស្លាប់ដោយសារការវះកាត់សង្ស័យខ្វះបច្ចេកទេសរបស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី ក្រុងតាខ្មៅ» គ្រួសារដាក់ពាក្យប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌

CRT News


ខេត្តកណ្ដាល÷ ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។


លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះ ឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។


ឪពុកជនរងគ្រោះបានឲ្យដឹងទៀតថា÷ ដើមឡើយកូនស្រីរបស់គាត់មានជំងឺចុកពោះ ហើយពេទ្យសម្ភពផល្លីថា÷ មានជំងឺគ្រុនពោះវៀន បន្ទាប់ពីព្យាបាលរួចក៏ឈឺចុកចាប់ថែមទៀត ហើយពេទ្យដដែលនេះទាមទារឆ្លុះអេកូ និងសន្និដ្ឋានថា ជាករណីបែកគ្រាប់ឈាមពេញពោះវៀន និងវះកាត់បន្ទាន់ដោយគ្មានដាក់ថ្នាំសន្លប់ទេ។ បន្ទាប់ពីវះហើយយកសាច់ស្បូនទៅពិនិត្យ ដោយប្រាប់ថា សង្ស័យមានរោគរបេងកូនកណ្ដុរ រួចឲ្យថ្នាំរបេងទទួលទាន តែមិនជាសះស្បើយឡើយ។


ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបលោកសម្រេចចិត្តយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាលទ្ធផលក្រោយពិនិត្យ មន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា÷ កូនស្រីគាត់កើតជំងឺមហារីកពោះវៀនធំ និងមានមេរោគ ចូលក្នុងឈាមធ្ងន់ធ្ងរ ដោយសារតែមុខរបួសវះកាត់មិនស្អាត មិនមានជំងឺរបេងកូនកណ្ដុរទេ។


ក្នុងនាមជាឪពុក លោក សំ វិច្ឆិកា បានសម្ដែងនូវការស្លុតចិតត្តជាខ្លាំង ចំពោះមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ដែលព្យាបាលកូនស្រីគាត់បែបនេះ ហើយកូនស្រីគាត់បានស្លាប់បាត់ទៅហើយ ដែលករណីនេះបណ្ដាលឲ្យ ប៉ះពាល់ផ្លូវចិត្តលោក និងគ្រួសារយ៉ាងធ្ងន់បំផុត និងស្នើសុំព្រះរាជអាជ្ញាមេត្តារកយុត្តិធម៌។


ចំពោះករណីនេះ មេធាវីតំណាងឲ្យមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ក៏បានចេញលិខិតបំភ្លឺអះអាង ពីភាពត្រឹមត្រូវរបស់កូនក្ដីរបស់ខ្លួនផងដែរ។ ដោយឡែកម្ចាស់គ្លីនីក បានឲ្យដឹងថា ចំពោះករណីនេះ លោកស្រីបានចូលបំភ្លឺរួចហើយ ហើយកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងសហការជាមួយស្ថាប័នតុលាការ។


សូមបញ្ជាក់ផងដែរថា÷ តើមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» មានសិទ្ធិប្រើថ្នាំរបេងដែលឬទេ?


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top