មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ។
ជុំវិញបញ្ហាករណី លោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនទទួលឲ្យចុះឈ្មោះ ជាបេក្ខជនចូលប្រឡងនេះ ត្រូវបានអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកពន្យល់ថា៖ ដោយសារតែមិនមានគ្រប់គ្រាន់តាមលក្ខណសម្បត្តិសម្រាប់ដាក់ពាក្យប្រឡង ដែលបានកំណត់ច្បាស់ ៥ចំណុច សំខាន់ៗ គឺ ៖
ទី១៖ ត្រូវមានសញ្ជាតិខ្មែរ ។
ទី២៖ ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ ដែលបានប្រកាសថា មានតម្លៃសមមូល ។
ទី៣៖ មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬបទវិន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ ។
ទី៤៖ មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួន ដែលប្រកាសដោយតុលាការ ។
និងទី៥៖ ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ ។
អ្នកនាំពាក្យបានលើកឡើងថា៖ ហេតុនេះចំពោះករណី លោក យិន ហេង ហៅចំប៉ីខ្មៅ មិនអាចបំពេញលក្ខណសម្បត្តិមួយចំនួន ជាពិសេស លើច្រើនចំណុច នៃចំណុចទី៣ (ឈ្មោះនេះមានប្រវត្តិ ត្រូវបានបញ្ឈប់ពីមុខងារ) ទៀតផង ៕