ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញ សំណល់រាវដែលបានបង្ហូរចេញនោះ មានលក្ខណៈពណ៌ខ្មៅប្រផេះ មានសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយ និងបានប៉ះពាល់ដល់ការរស់ប្រជាពលរដ្ឋ និងមានត្រីចញ្ចឹមក្នុងបែរពុលងាប់អស់ជាច្រើន។ ជារួមក្រុមហ៊ុនពុំបាន ដាក់ដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើយ និងបានលួចបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលព្រែកកំពង់ស្មាច់ បង្កការបំពុលយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
សកម្មភាពរបស់ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើលនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ គឺត្រូវអនុវត្តវិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម៖
ទី១-ដកហូតរាល់លិខិតអនុញ្ញាតដែលចេញដោយក្រសួងបរិស្ថានទាំងអស់ ព្រោះក្រុមហ៊ុនមិនបានគោរពតាមវិធានការច្បាប់ ដែលក្រុមហ៊ុនធ្លាប់បានបំពុលព្រែកកំពង់ស្មាច់ម្តងរួចមកហើយ ក្នុងខែមេសា ឆ្នាំ២០២៤។
ទី២-បញ្ឈប់ច្រវាក់ផលិតកម្មដែលបញ្ចេញសំណល់រាវ។
ទី៣-ត្រូវរុះរើបំពង់ទុយោបង្ហូរសំណល់រាវចេញឱ្យអស់ជាបន្ទាន់ ដោយបានស្នើឱ្យអាជ្ញាធរឃុំ តាមដានការអនុវត្តរហូតបញ្ចប់ជាស្ថាពរ និងត្រូវធ្វើរបាយការណ៍ពីការអនុវត្តករណីនេះ។
ទី៤-ត្រូវពីន័យអន្តរការណ៍និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតទៅតាមការគណនារបស់មន្ត្រីជំនាញ។
ទី៥-ត្រូវធ្វើការស្តារទឹកអូរ និងព្រែកដែលរងការបំពុល ឱមានស្ថានភាពប្រសើដូចដើមវិញ។
ទី៦-ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ត្រូវបិទសកម្មភាពអាជីវកម្មទាំងស្រុង។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរស្រុកព្រៃនប់ អាជ្ញាធរឃុំទឹកល្អក់ និងឃុំសាមគ្គី បានចុះពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ បង្កឡើងដោយក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ម្តងរួចមកហើយ។ ក្រុមការងាររកឃើញថាក្រុមហ៊ុន បានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ បន្ទាប់ពីក្រុមការងារបានយកសំណាក មកធ្វើការវិភាគ និងរកឃើញថាមិនបានអនុលោមកម្រិតកំណត់ស្តង់ដារ។ ប្រជាពលរដ្ឋ មួយចំនួណបានទតួលរងផលប៉ះពាល់ដោយមិនអាចប្រើប្រាស់ទឹក ការនេសាទ ការធ្វើវារីវប្បកម្ម ការធ្វើដំណើរ និងបញ្ហាសុខភាព ជាដើម។
សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនតាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្មលើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។ បន្ទាប់មកក្រុមហ៊ុនត្រូវកាត់ផ្ដាច់បំពង់ទុយោបង្កប់ក្រោមដីចេញ និងធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវ ព្រមទាំងធ្វើការកែសម្រួល អាងប្រព្រឹត្តិកម្មឱ្យត្រឹមត្រូវឡើងវិញ។
ជាមួយគ្នានេះក្រុមហ៊ុន ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ លើការបញ្ចេញសំណល់រាវ និងអនុវត្តវិធានការស្ដារការខូចខាត និងសម្អាតបរិស្ថានឡើងវិញ នៅតំបន់ដែលទទួលរងការបំពុល។
សូមបញ្ជាក់ថា៖ ទោះបីជាក្រុមហ៊ុនកំពុងអនុវត្តបញ្ជាកែប្រែឱ្យស្របតាមច្បាប់កំណត់ក៏ដោយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យម្តងទៀតលើក្រុមហ៊ុននេះ និងបានរកឃើញបញ្ចេញទឹកកខ្វក់ ដែលមិនបានសម្អាតត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ឬឆ្លងកាត់អាងចម្រោះ ដែលនិងធានាថាសំណល់រាវក្រោយសម្អាត ត្រូវអនុលោមតាមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវនៅឡើយ៕