រាជធានីភ្នំពេញ៖ យោធិនកម្ពុជា ២នាក់ បានពលីជីវិតក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះបើយោងតាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ
តាមរយៈគណនីហ្វេសប៊ុក នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕