ក្រសួងព័ត៌មាន ចេញសេចក្តីថ្លែងការណ៍ជុំវិញការផ្សព្វផ្សាយពីឈ្មោះ អ៊ុក ម៉ៅ ដែលជាប់បណ្ដឹងចំនួន១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន, សូមសារព័ត៌មានបរទេសមួយចំនួនបញ្ឈប់ការធ្វើអាជីវកម្មនយោបាយលើករណីនេះ

CRT News


រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានសង្កេតឃើញថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវបានជាប់បណ្ដឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ពីខែកុម្ភៈ ឆ្នាំ២០២២មក និងត្រូវបានចាប់ខ្លួនពីបទ៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់» ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹង បុគ្គលនេះ។ នេះបើយោងតាមលិខិត ដែលសារព័ត៌មានយើងទទួលបាន និងសូមដកស្រង់ដូចខាងក្រោមនេះ ៖


១៖ បុគ្គល អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាពឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោល គឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការ ឡើយ។ សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង រំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។


ទី២៖ ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅបម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។ អ្នកដែលបំពេញការងារទាក់ទងនឹងសារព័ត៌មាន គឺត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ក្រៅ ពីនោះគឺគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ លើសពីនេះយោងតាមធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជា ណាចក្រកម្ពុជា។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារព័ត៌មានឡើយ។


ទី៣៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានបរទេសមួយចំនួន សូមកុំព្យាយាមធ្វើ អាជីវកម្មនយោបាយជ្រុលហួសហេតុ ដោយបង្កើត បំភ្លៃព័ត៌មានខុសពីការពិតពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែល អាចបង្ហាញថា អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួនគឺបង្កប់នូវរបៀបវារៈនយោបាយ ដែលមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន និងសូមប្រកាន់ភ្ជាប់នូវគោលការណ៍វិជ្ជាជីវៈខ្ពស់ និងកុំលង់ក្នុងល្បិចកលរបស់ក្រុមជនមួយចំនួន ដែលព្យាយាមបំភ្លៃការពិតពីសេរីភាពខាងសារព័ត៌មាននៅកម្ពុជា និងព្យាយាមលាបពណ៌សព្វបែបយ៉ាងដើម្បីសុំសេចក្ដីសណ្តោសពីម្ចាស់ជំនួយរបស់ខ្លួន។

ទី៤៖ ទង្វើ និងសកម្មភាពរបស់អ្នកសារព័ត៌មាន ឬក្រុមណាមួយ ដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជា អាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួន ឬក្រុមណាមួយផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារ ព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មានឡើយ។


ក្រសួងព័ត៌មានសង្ឃឹមថា៖ សមាគម និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួនបញ្ឈប់ការធ្វើអាជីវកម្មនយោបាយលើករណីនេះ និងបញ្ឈប់ការលើកតម្កើងជនដែលបានប្រព្រឹត្តល្មើសច្បាប់ធ្វើជា «វីរជន» ប៉ុន្តែ គួរចូលរួមអប់រំណែនាំជនទាំងនោះឱ្យគោរពច្បាប់ត្រឹមត្រូវ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top