ខេត្តកណ្តាល៖ នាសៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។
ឯកឧត្ដម បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង ៣គ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។
ឯកឧត្ដមក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
ជាមួយគ្នានេះដែរឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គីភ័យទាំងអស់ ដែលបានសហការគ្នា ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរីករាលដាលខ្លាំងបន្ថែមទៀត។
អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ដោយក្នុងនួយគ្រួសារៗមាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, កៅស៊ូតង់ ១ផ្ទាំង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់, សម្ភារផ្ទះបាយ ១ឈុត និងថវិកា១លានរៀល។
សូមបញ្ជាក់ផងដែរថា៖ នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២២ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ឧសភា ឆ្នាំ២០២៥ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ដែលស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕