ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់របស់សមត្ថកិច្ច អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖
១/៖ សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេង របស់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នោះទេ។ សារសំឡេងនោះ គឺជា ការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូល សំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញ៉ង់ លាបពណ៌ និង បំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចាលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។
២/៖ សមត្ថកិច្ចបានរកឃើញថា មុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង ដែលជាមុខសញ្ញាចាស់ ត្រូវបាន តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាព ឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។ ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅប្រទេសថៃ ស្រ្តីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីឈ្មោះ ស្ទឹងសម្ងាត់, Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយដើម្បីបម្រើ ឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៣/៖ បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវពលរដ្ឋកុំមានការភាន់ច្រឡំជឿលើ ការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម មានចរិតលក្ខណៈញុះញង់ លាបពណ៌ និងបំៃភ្ល ការពិតរបស់ស្ត្រីឈ្មោះ ជូ ឈីន រូបនេះនឹងត្រូវមានការជឿជាក់លើសមត្ថភាពដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាបម្រើប្រជាពលរដ្ឋ និងការពារនូវឧត្តមប្រយោជន៍ជាតិ៕