ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៦ឆ្នាំម្នាក់ ស្លាប់ក្រោយទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ

CRT News


ខេត្តកំពង់ស្ពឺ៖ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានពាក្យប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បន្ទាប់ពីយកកូនស្រីវ័យ១៦ឆ្នាំម្នាក់ ទៅសម្រាកព្យាបាល ប៉ុន្ដែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ព្យាបាលសង្ស័យធ្វេសប្រហែស និងមិនមានវិជ្ជាឃជីវៈត្រឹមត្រូវបណ្ដាលឲ្យកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអណោចអធ័មបែបនេះ។


យោងតាមពាក្យបណ្ដឹងប្ដឹងចូលនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន បានរៀបរាប់ថា៖ មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ដែលមានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូងក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។


នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា៖ មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង។ ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថា៖ អាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបាន។


ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា៖ ថប់ៗពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។


នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា៖ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើរថយន្ដបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។


ជុំវិញការចោទប្រកាន់នេះ បណ្ដាញសារព័ត៌មាន CRT News យើងបានធ្វើការទំនាក់ទំនង ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងការព្យាបាល រហូតមានការស្លាប់បាត់បង់អាយុជីវិតក្មេងស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំម្នាក់នេះ ប៉ុនែ្តបុគ្គលិកនៃមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បានប្រាប់វិញថា អោយខាងសារពត៌មានយើងស្រាវជ្រាវរកលេខទូរសព្ទមេរបសគាត់ដោយខ្លួនឯង ហើយបានចុចបិទទូរសព្ទសារព័ត៌មានយើងតែម្តង។


យ៉ាងណាមិញ ក្នុងពាក្យបណ្ដឹងស្ដ្រី ចៅ គឹមហ៊ន ដែលត្រូវជាម្ដាយជនរងគ្រោះ បានស្នើសុំស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្ដរាគមន៍តាមផ្លូវច្បាប់។


សាធារណជនក៏ ដូចមជ្ឈដ្ឋានសង្គមសីវីលនានា ក៏សូមសំណូមពរ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាចាត់មន្ត្រីជំនាញ ចុះអធិការស្រាវជ្រាវរកការពិត ដើម្បីឲ្យវិញ្ញាណក្ខន្តប្អូនស្រីរងគ្រោះបានទៅកាន់សុគតិភពបិទភ្នែកជិត ព្រមទាំងក្រុមគ្រួសារនៃសពបានភាពយុត្តិធម៌ផង។


បណ្តាញសារព័ត៌មាន CRT News យើងក៏សូមចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ក្រុមគ្រួសារ នៃសពប្អូនស្រី សាវ៉ាន់ ធីតាពិសី និងសូមវិញ្ញាណក្ខន្តប្អូនស្រីទៅកាន់សុខគតិភព៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top