រាជធានីភ្នំពេញ៖ យោងតាមដីកាបង្គាប់ឱ្យចូលសវនាការ ដែលបណ្តាញសារព័ត៌មានយើងទេីបទទួលបាននៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា៖ តុលាការរាជធានីភ្នំពេញ ដែលបានចេញដោយ លោក ផាត់ គន្ធា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឱ្យបង្គាប់ លោកស្រី ហួយ តារាវី ហៅម៉ែវី ភេទស្រី ជនជាតិខ្មែរ ដែលរងការចោទពីបទល្មេីស "ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យដោយសុចរិត" ដែលប្រព្រឹត្តនៅចំណុចភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចូលសវនាការនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង៣០នាទី ជាកំហិត នៅសវនាការទី៨ ជាន់ផ្ទាល់ដី។ តាមមាត្រានៃច្បាប់២៥៣ នៃច្បាប់ភូមិបាល។
សូមបញ្ជាក់ថា៖ លោកស្រី ហួយ តារាវី ជាអ្នកតំណាងឱ្យបងប្អូនប្រជាពលរដ្ឋចំនួន១៨ គ្រួសារ ដែលរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៨០ជាងមកម្លេស ដែលកាលណោះដីនៅតំបន់ទំនប់កប់ស្រូវនេះ គឺមានបងប្អូនប្រជាពលរដ្ឋខ្លះបានបង្កបង្កើនផលជាលក្ខណគ្រួសារដូចជា៖ អ្នកខ្លះដាំឈូក, អ្នកខ្លះទៀតសោតធ្វើស្រែនារដូវប្រាំង គឺតាំងពីឪពុកម្ដាយតរៀងរហូតមកទល់និងបច្ចុប្បន្ននេះ។
ប៉ុន្តែជាអកុសលមកដល់ឆ្នាំ២០២៣ ត្រូវបាន ឧកញ្ញ៉ាដែលជាអ្នកមានលុយចាយលុយលែងអស់ បានធ្វេីប្លង់កម្មសិទ្ធ ផ្ទេរតៗគ្នា ដែលមន្រ្តីជំនាញហាក់មិនបានគិតពីដីនេះមានវិវាទនោះទេ គឺបន្តចេញបណ្ណកម្មសិទ្ធដែលគ្របដណ្តប់លេីផ្ទៃដីអ្នកស្រី ហួយ តារាវី ទៅវិញទាំង១៦ហិចតា ទាំងមិនទាន់បានដោះស្រាយគ្នាបព្ចាប់វិវាទជាមួយគ្នានៅឡេីយនោះទេ។
ខណៈវិវាទមិនទាន់បានបព្ចាប់ ដោយសារកេីតទុក្ខមិនសុខចិត្ត លោកស្រី ហួយ តារាវី ដែលជាអ្នកតំណាងឲ្យបងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារ អាស្រ័យនៅតំបន់ទំនប់កប់ស្រូវធំនោះ បានបន្តដាក់ពាក្យប្ដឹងតាំងពី រដ្ឋបាលខណ្ឌព្រែកព្នៅ , រដ្ឋបាលរាជធានីភ្នំពេញ , ក្រសួងយុត្តិធម៌, ក្រសួងដែនដីនគរូបនីយកម្ម, ក្រសួងមហាផ្ទៃ, ស្ថាប័នសម្របសម្រួលវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងតាមបណ្តាញសារព័ត៌មាននានា, និងជាពិសេសទៀតនោះ អ្នកស្រី ហួយ តារាវី បន្តដាក់ពាក្យបណ្តឹងដល់ខុទ្ទកាល័យសម្តេតតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ , នាយកខុទ្ទកាល័យ សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
បច្ចុប្បន្នមជ្ឈដ្ឋានជាតិរួមទាំងសង្គមស៊ីវិល, អង្គការ/សមាគមនានា រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ក៏ដូចជាមជ្ឈដ្ឋានទូទៅ គឺតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះ ថាតេីនិងវិវត្តន៍ទៅជាយ៉ាងណាបន្តទៀតនាពេលខាងមុខ។
បណ្ដាញសារព័ត៌មានយើងមិនអាចសុំកិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង ការឡើងសវនាការ លោកស្រី ហួយ តារាវី បាននោះទេ ម៉្យាងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍។
បណ្តាញសារព័ត៌មានយើងគ្មានចេតនាដាក់សម្ពាធដល់លាបពណ៍,ញុះញង់ ដល់បុគ្គលឬអង្គភាពណាឡើយ គឺគ្រាន់តែជាព្រាបនាំសារពីបងប្អូនប្រជាពលរដ្ឋទៅដល់ថ្នាក់ដឹកនាំតាមក្រសួងឬស្ថាប័នពាក់ព័ន្ធ ជាពិសេសដល់សម្តេចទាំងទ្វេគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧ នេះឯង។
បណ្ដាញសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺភាគីពាក់ពន្ធ រាល់២៤ម៉ោង តាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃ ព្រះរាជាណាចក្រកម្ពុជា។
ជាទីបព្ចាប់ លោកស្រី ហួយ តារាវី ដែលជាម្ចាស់តំណាងឲ្យបងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារ លើផ្ទៃដី១៦ ហិចតា សូមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយរកយុត្តិធម៌ជូនគាត់ដោយក្តីអនុគ្រោះផង៕