ស្រ្តីពីរនាក់ដែលអះអាងថា៖ ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន ពេលនេះសមត្ថកិច្ចកម្ពុជាកំពុជួយអន្តរាគមន៍ហើយ

CRT News


រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា កំពុងធ្វើការអន្តរាគមន៍ជាបន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ដើម្បីជួយសង្គ្រោះស្រ្តីពីរនាក់ដែលបានអះអាងថា ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន។


លោក ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថាលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្សកំពុងចាត់ឱ្យស្ថានទូតកម្ពុជាធ្វើការដោយយកចិត្តទុកដាក់ និងរហ័សរហួនបំផុត សហការជាមួយនឹងខាងសមត្ថកិច្ចរបស់ចិន ហើយសមត្ថកិច្ចរបស់ចិនបានរកឃើញគោលដៅ ឬក៏ទីតាំងដែលស្រី្តទាំង២ស្ថិតនៅក្រោមការឃាត់ ឬក៏ឃុំ ពីសំណាក់ជនសង្ស័យនោះដឹងអស់ហើយ។


បើតាមលោក ទូច សុឃ: ចំពោះលទ្ធផលចូលទៅរំដោះបានក្នុងកម្រិតណា នឹងរង់ចាំការរាយការណ៍ពីខាងសមត្ថកិច្ចរបស់ចិនមកកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ហើយទូតកម្ពុជា នឹងរាយការណ៍បន្តមកកាន់ ថ្នាក់ដឹកនាំពាក់ព័ន្ធនៅប្រទេសកម្ពុជាដើម្បីឲ្យបានជ្រាប។


ក្នុងករណីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាទីបំផុតចំពោះការប្រើឧបាយកលនានា អូសទាញ បញ្ឆោត លួងលោម គ្រប់កលល្បិច ដើម្បីនាំទៅប្រទេសចិនតាមរយៈការទៅធ្វើការទទួលបានប្រាក់ខែច្រើន តាមរយៈការរៀបការប្ដីជាមួយចិន ធានាថា បានរស់សុខស្រួល និងក្លាយជាអ្នកមានបានប្រាក់ជាហួរហែ ជាពិសេសយុវយ័យនៅក្មេងទាំងអស់ កុំប្រញាប់ប្រញ៉ាល់ជឿទៅលើការអូសទាញរបស់មេខ្យល់ដែលបានប្រើគ្រប់មធ្យោបាយ ជាពិសេសឧបាយកលដែលយកប្រាក់មកធ្វើជាអន្ទាក់៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top