ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី Facebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

CRT News


រាជធានីភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖


*ទី១៖ www.norodomsihamoni.org/  របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត


*ទី២៖ www.norodomsihanouk.info/  របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ។


ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top