រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ៖ ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ ដូចអ្វីដែលសម្តេចបានបញ្ជាក់នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោល។
ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរដូចខាងក្រោម ៖
១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា៖ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ សម្តេចមហាបវរធិបតី សង្ឃឹមថា៖ ភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា៖ បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕