ចាប់បានហើយ! ករណីរថយន្ត FORD RAPTOR បើកជែងលើផ្លូវ៦០ម៉ែត្រ និងកៀររថយន្តនៅខេត្តកែប គឺបើកបរដោយបុរសជនជាតិចិនម្នាក់

CRT News


ខេត្តព្រះសីហនុ ៖ ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គមថា៖ មានរថយន្តមួយគ្រឿង បើកបរមានលក្ខណៈលឿន ជែងកៀរថយន្តមួយចំនួន នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ និងខេត្តកែបរួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ។


ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង១៥នាទី លើផ្លូវ១០០ ត្រង់ចំណុច វេទិកា៧មករា ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឃាត់បានរថយន្ដ ០១គ្រឿងម៉ាក FORD F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជាSYA.0809 បើកបរដោយឈ្មោះ WANG YONGSEN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន មានបណ្ណបើកបរកម្ពុជា ប្រភេទ ខ(B) ចុះថ្ងៃទី07-04-2025 សុពលភាពរយៈពេល ១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីបើកបរវ៉ាជែង នៅរាជធានីភ្នំពេញ និងប៉ះរថយន្ដ ១គ្រឿងទៀត នៅខេត្តកែប ។


បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ។


ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា៖ តាមចម្លើយអ្នកបើកបរខាងលើ បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗ ដែលបានប៉ះពាល់ ។


សូមរម្លឹកដែរថា៖ «រថយន្ត FORD RAPTOR បើកលឿនជ្រែលើផ្លូវ៦០ម៉ែត្រ និងប៉ះពារអ្នកដទៃនៅខេត្តកែប លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ប្រាប់ថាលក់ឡាននេះយូរហើយ» ។ មានរថយន្តមួយគ្រឿងម៉ាក FORD RAPTOR F150 ពណ៌ស ស្លាកលេខ កម្ពុជា SYA-0809 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកក្នុងល្បឿនលឿន វ៉ាជែងរថយន្តគេខាងស្ដាំផង ខាងឆ្វេងផង ជ្រែគេជ្រែឯង ហើយមិនគោរពភ្លើងសញ្ញាចរាចរណ៍ (មិនឈប់ស្តុបពណ៌ក្រហម) ថែមទៀត នៅលើផ្លូវ៦០ម៉ែត្រ កំលុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងមក ស្រាប់តែរថយន្តដដែលនេះ បានបើកបរលឿនកៀររថយន្តអ្នកដំណើរផ្សេងទៀតនៅតាមដងផ្លូវនៅខេត្តកែប រួចបើករត់គេចបាត់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។


ក្រោយបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរថយន្តខាងលើ បើកបរជ្រែគេជ្រែឯង ពេញផ្លូវ៦០ម៉ែត្រ មានការផ្សព្វផ្សាយថា៖ ស្គាល់ហើយ! ម្ចាស់រថយន្ត Raptor F150 ពណ៌ស ស្លាកលេខ កម្ពុជា SYA-0809 ជារបស់លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងរាជធានីភ្នំពេញ ផែនការងារព្រហ្មទណ្ឌ ។


បើតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅល្ងាចថ្ងៃទី០១ មិថុនា ២០២៥នេះថា៖ «មុននេះបន្តិច លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា បានទូរសព្ទមកបញ្ជាក់ប្រាប់ខ្ញុំ (លោក ផែង វណ្ណៈ )ថា៖ រថយន្ដ Raptor F150 ពណ៌ស ពិតជារថយន្ដរបស់គាត់មែន តែគាត់បានលក់អោយឈ្មោះ ឡេ សារ៉េន តាំងពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ ដោយមានធ្វើលិខិតលក់ផ្ដិតមេដៃ ទុកជាឯកសារត្រឹមត្រូវ» ។


លោក ផែង វណ្ណៈ បន្តថា ទង្វើបើកបរប៉ះពារអ្នកដទៃ សូមសមត្ថកិច្ចស្រាវជ្រាវអញ្ជើញឈ្មោះ ឡេ សារ៉េន ដែលជាអ្នកទិញមកសួរនាំ ទើបដឹងការពិត ៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top