កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ចាប់ផ្ដើមជាថ្មីនៅថ្ងៃនេះ ក្រោយខកខានអស់១២ឆ្នាំ

CRT News

រាជធានីភ្នំពេញ៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅព្រឹកថ្ងៃទី១៤ ខែមិថុនា។ នេះជាកិច្ចប្រជុំលើកដំបូងនៃគណ:កម្មការចម្រុះកម្ពុជា-ថៃ ក្រោយខកខានរយ:ពេល ១២ឆ្នាំ។

សម្រាប់កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈភាគីថៃដឹកនាំដោយដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន និងជាអតីតឯកអគ្គរាជទូតថៃប្រចាំរាជធានីភ្នំពេញ ។

មុនកិច្ចប្រជុំនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសតាមហ្វេសប៊ុកថា៖ បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួន ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ចំណែកបញ្ហាការបិទព្រំដែន ក៏មិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សាក្នុងកិច្ចប្រជុំ JBC ដែរ ដោយសារការបិទឬបើកច្រកព្រំដែន មិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។

បើតាមប្រមុខរដ្ឋាភិបាល កម្ពុជានឹងបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ ICJ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top