ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ ។
សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ។ ការចុះរបស់សម្តេចតេជោ ខណៈកងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ ។
មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជា ត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ។
សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវា.យយកឈ្នះលើសមរភូមិសង្គ្រាម និងធ្វើឱ្យទាហានថៃបាក់ស្បាតអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ។ ដំណើររបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ចុះមកជួបកងទ័ព នាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី ។
កម្ពុជាជាប្រទេសដែលស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព ។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាព្រោះភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមនោះឡើយ ។
នយោបាយសន្តិភាពត្រូវបានមេដឹកនាំកម្ពុជា តែងប្រកាសប្រកាន់យក និងជំរុញឱ្យពិភពលោកប្រកាន់យកជារឿយៗតាមវេទិកាតំបន់ និងអន្តរជាតិ ។ ការបញ្ជូនកងទ័ព និងសព្វាវុធមកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសំឡេងតែមួយថា មិនមែនជាការត្រៀមបម្រុងនឹងឈ្លានពានប្រទេសណាមួយនោះឡើយ កងទ័ព និងសព្វាវុធទាំងនេះ គឺដើម្បីតែការពារទឹកដីមិនឱ្យមានការឈ្លានពានតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា៖ ក្នុងកំឡុងពេលដែលកងទ័ព និងសព្វាវុធបញ្ជូនមកកាន់ព្រំដែន គេបានឃើញចលនានៃការគាំទ្រយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ថ្នាក់ដឹកនាំជាតិកម្ពុជា និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយបានលះបង់ធនធានឧត្ថម្ភជាថវិកា ស្បៀងអាហារផ្សេងៗទៀតផងដែរជាការទ្រទ្រង់ដល់សកម្មភាពទ័ពយើង ៕