សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូងរយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង

CRT News


រាជធានីភ្នំពេញ៖ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល និងជាលើកដំបូងបំផុតដែលព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំព្រឹត្តិការណ៍សមាជរួមគ្នា ដោយបើកការជជែកគ្នារយៈពេល២ថ្ងៃ គឺថ្ងៃទី០២-០៣ ខែមិថុនា ឆ្នាំ២០២៥។


សមាជរដ្ឋសភានិងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង ហើយរបៀបវារៈសំខាន់ៗដែលបានជជែកពិភាក្សាគ្នានោះមានចំនួន៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម ហើយប្រធានបទទាំង៣ ក៏ត្រូវបានអនុម័តទាំងស្រុងដោយសមាជព្រឹទ្ធសភា និងរដ្ឋសភា។


សមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ។ សមាជក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាទាំង៤រូប ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ នៅថ្ងៃទី១ សមាជមានសមាជិក រដ្ឋសភា និងព្រឹទ្ធសភា យាង និងអញ្ជើញចូលរួមចំនួន១៨១អង្គ/រូប ហើយថ្ងៃទី២ យាង និងអញ្ជើញចូលរួម ១៧៩អង្គ/រូប។


ដោយឡែកខាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។


ក្នុងបន្ទប់សមាជនាវិមានរដ្ឋសភា គេសង្កេតឃើញមានការអញ្ជើញតាមដានដំណើរការសមាជពីសំណាក់សមាជិករាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់មកពីតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តាមេដឹកនាំគណបក្សនយោបាយមកពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ។


សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាកិច្ចកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជជែកលើរបៀបវារៈដែលជាកិច្ចការចាំបាច់នៅក្នុងសង្គម។ សមាជនេះ ត្រូវបានអញ្ជើញនាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធរបៀបវារៈលើកមកជជែកនោះ មកបង្ហាញ និងឆ្លើយដោយផ្ទាល់លើកិច្ចការដែលសមាជលើកមកជជែក។


សមាជដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រើពេលវេលាសរុបជិត២៨ម៉ោង។ ក្នុងនោះសមាជថ្ងៃទី១ ត្រូវបានចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក ហើយបន្តរហូតដល់ម៉ោង១២៖២២នាទីរំលងអាធ្រាត្រ ដែលនាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះរបៀបនៃការប្រជុំដែលមិនធ្លាប់មាន មិនត្រឹមតែនៅកម្ពុជានោះទេ សូម្បីលើពិភពលោកក៏មិនមានកិច្ចប្រជុំក្នុងស្ថាប័ននីតិបញ្ញត្តិណាដែលធ្វើរហូតឆ្លងថ្ងៃបែបនេះនោះឡើយ។


សមាជរដ្ឋសភា និងព្រឹទ្ធសភារយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការផ្តល់មតិយោបល់យ៉ាងផុលផុសបំផុតពីសំណាក់សមាជិកសមាជទៅលើរបៀបវារៈទាំង៣ខាងលើ។ ក្នុងនោះរបៀបវារៈទី១ មានសមាជិកសមាជឡើងផ្តល់មតិរហូតដល់ទៅ២៤រូប, របៀបវារៈទី២ មានការឡើងផ្តល់មតិ ២១រូប និងរបៀបវារៈទី៣ មានការឡើងផ្តល់មតិ ២៣រូប។


ក្នុងឱកាសឡើងផ្តល់មតិនោះ សមាជិកសមាជដែលមានទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សក្រៅរដ្ឋាភិបាលផងនោះ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការផ្តួចផ្តើមរៀបចំនូវសមាជនេះ ព្រោះជាឱកាសឱ្យសមាជិករដ្ឋសភា និងព្រឹទ្ធសភាជាសំឡេងរបស់ម្ចាស់ឆ្នោតនោះ បានលើកឡើងបញ្ហាដែលជាកង្វះខាតនៃការអនុវត្តន៍ការងាររបស់រាជរដ្ឋាភិបាលក្នុងវិស័យដែលបានលើកឡើងក្នុងរបៀបវារៈ ក៏ដូចជាបានដាក់ចុះនូវសំណូមពរទាំងឡាយ ទៅកាន់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងកែលំអលើការងារដែលបានលើកមកជជែកនោះឱ្យកាន់តែល្អប្រសើរថែមទៀត៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top