រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
តាមរយៈគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា៖ «យើងគ្មានពេលអប់រំមន្ត្រី ដែលគ្មានវិន័យ ក្នុងពេលដែលកិច្ចការជាតិ កំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប ។
សម្ដេច បន្ដថា៖ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់ គាត់ឲ្យលុបចោលនៅអត្ថបទ២ កាលពីប៉ុន្មានថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ព ក្នុងពេលកងទ័ពកំពុងការពារទឹកដី ។
សម្ដេច បន្ថែមថា ៖ «ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញ ពីក្របខ័ណ្ឌរដ្ឋទាំងអស់» ។
សម្ដេច បន្ដទៀតថា៖ «ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រី ដែលជាសមាជិកបក្សទាំងអស់» ៕