រាជធានីភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីថា៖ ជាង៣៣ឆ្នាំកន្លងមកនេះស៉ីម៉ាក់ បោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះគ្រប់ប្រភេទជាង ៣លាន២សែនគ្រាប់ ដែលល្មមស្គាល់ច្បាស់ពីគ្រាប់បែកប្រភេទ MK-84 ចាស់ ឬថ្មី។
ការបញ្ជាក់របស់ លោក ហេង រតនា នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅជនអគតិដែលនិយាយថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 ដែលទម្លាក់លើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យថ្មីៗនេះ ជាគ្រាប់បែកចាស់។
លោក ហេង រតនា បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលជាង ៣៣ឆ្នាំកន្លងមកនេះ អង្គភាពស៉ីម៉ាក់បានបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះគ្រប់ប្រភេទមានចំនួនជាង ៣លាន ២សែនគ្រាប់ ដូចនេះអ្នកបច្ចេកទេសនៃអង្គភាពនេះ ស្គាល់ច្បាស់ចំពោះគ្រាប់បែកចាស់ ឬថ្មីនោះ មានមូលដ្ឋានបច្ចេកទេសមួយចំនួន ទាក់ទងនឹងគ្រាប់បែក MK-84 ដែលនឹងបង្ហាញច្បាស់ថា កម្ពុជាមានសច្ចយ៉ាងពិតប្រាកដ!»។
លោក ហេង រតនា បានឱ្យដឹងថា៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៉ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន ៥ទីតាំង (មានរន្ធគ្រាប់បែក)។ គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។
លោកបន្តថា៖ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពស៉ីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូល MKនេះមានកំណត់សំគាល់ និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះ F-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែក MK-84 ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង៕