រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបកស្រាយថា៖ លោក ថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬរកស៊ីណាមួយនៅកម្ពុជានោះទេ! បន្ទាប់ពីមាន សារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា។
តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា៖ «ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា៖ ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំ និងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំ ត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៊ីន ផងដែរ»។
សម្ដេចតេជោ បន្ដថា៖ « មិនថា ឯកឧត្តម ថាក់ ស៊ីន ឬ លោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ! ។ ពេល ឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់ បង្ហាញថា៖ ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ! »។
សម្ដេចតេជោ បន្ថែមថា៖ «ខ្ញុំគួរបញ្ជាក់បន្ថែមថា៖ ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ»។
ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ ! ដែលជាតិសាសន៍របស់កម្ពុជា ត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ!!! ៕