រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ ទៅប្រទេសថៃ និងសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅក្នុងប្រទេសកម្ពុជា ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ៖ បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១០ម៉ឺនកន្លែង ដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជា គ្រប់រូបអាចចូលធ្វើការ ដែលមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ជាច្រើន ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ឱកាសការងារនៅកម្ពុជាមានប្រមាណជិត ១០ម៉ឺនកន្លែង នេះជាពិសេសវិស័យឧស្សាហកម្ម ដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើង ដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ ។ ដូចនេះ បងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារ សូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ» ។
បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យ នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោ.ភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេស ដែលនាំដល់ការចាប់ខ្លួនជាដើម ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ទៅធ្វើការ ដោយខុសច្បាប់នៅប្រទេសថៃនោះឡើយ ក្នុងខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាព តាមបន្ទាត់ព្រំដែន ។
សូមរំលឹកផងដែរថា៖ ដើម្បីជួយផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា និងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុក ដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រ សហគ្រាស សម្រាប់ការចូលបំពេញការងារ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ។ បន្ថែមពីនេះ ក្រសួងការងារ បានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើ របស់ពលរដ្ឋខ្មែរផងដែរ ៕