រាជធានីភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពីសំណាក់កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា÷ ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួបលោកស្រីភារធារី និងសហការីជាថ្មី។
លោកស្រីភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា÷ បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងប្រារព្ធនូវការអបអរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាប លោកស្រីភារធារីស្ថានទូតអាមេរិក អំពីសាវតារនៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដូចជាស្ថានការណ៍ដែលបានវិវឌ្ឍន៍ចុងក្រោយនៃជម្លោះនេះ បន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា÷ បទឈប់បាញ់មិនអាចកើតមានឡើយ បើគ្មានការចូលរួមពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទេនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះរដ្ឋបាលរបស់អាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានចាត់វិធានការទាន់ពេលវេលាលើជម្លោះរវាងកម្ពុជា និងថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា÷ បទឈប់បាញ់ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក បានជួយដល់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត។
នៅចំពោះមុខលោកស្រីភារធារីស្ថានទូតអាមេរិក, សម្តេចតេជោ បានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍ចុងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពរាយបន្លាលួសតាមព្រំដែនពីសំណាក់កងទ័ពថៃ។ សម្តេចតេជោ បានស្នើអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នេះ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីភារធារីស្ថានទូតអាមេរិកថា កម្ពុជា បានអត់ធ្មត់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់។ សម្តេចតេជោ បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដូចមុនពេលមិនទាន់មានវិវាទ។
លោកស្រីភារធារី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការពន្យល់ដ៏ក្បោះក្បាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកស្រី បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន ក៏ដូចជាបញ្ហាប្រឈមនានារវាងកម្ពុជា និងថៃ។
លោកស្រី បានបញ្ជាក់ទៀតថា លោកប្រធានាធិបតី និងលោករដ្ឋមន្ត្រីការបរទេស បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ហើយជាជំហររបស់អាមេរិកផ្ទាល់ គឺចង់ឃើញស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ។
លោកស្រីភារធារីរបស់ស្ថានទូតអាមេរិក ក៏បានបញ្ជាក់ដែរថា÷ អាមេរិក ក៏នឹងប្រឹងប្រែងជំរុញឱ្យលេចចេញជារូបរាងនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដូចទៅនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួសមនុស្សធម៌ដល់ជនភៀសសឹករបស់កម្ពុជានាពេលកន្លងទៅ។
ក្រៅពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រីភារធារី ក៏បានជជែកពីជនអន្តោប្រវេសន៍របស់កម្ពុជាលើទឹកដីអាមេរិកផងដែរ។ លោកស្រីភារធារីស្ថានទូតអាមេរិក បានស្នើសម្តេចតេជោជួយសម្របសម្រួលសម្រាប់ការបញ្ជូនជនអន្តោប្រវេសន៍កម្ពុជា ត្រឡប់មកកម្ពុជាវិញ។
សម្តេចតេជោ បានជម្រាបថា÷ សម្តេចនឹងប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលយកប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកវិញ!។ សម្តេចតេជោ បានគូសរំលេចដែរថា÷ នេះមិនមែនជាបញ្ហាថ្មីនោះឡើយ ហើយកម្ពុជា បានប្រកាន់ជំហរទទួលយកពលរដ្ឋខ្មែរត្រឡប់មកពីអាមេរិកវិញ តាំងពីពេលសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ!!!៕