ក្រសួងសុខាភិបាល ប្រកាស ពីការរកឃើញការកើនឡើងជំងឺពងបែក ដៃ ,ជើង ,និងមាត់ នៅលើកុមារ ជាពិសេសកុមារអាយុក្រោម៥ឆ្នាំ

CRT


 រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកើនឡើងនៃជំងឺពងបែក ដៃ, ជើង  និងមាត់ នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។


ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ ជំងឺពងបែក ដៃ ជើង, និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យ ផងដែរ។


ជំងឺនេះក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ផងដែរ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែកលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ។


រោគសញ្ញា៖

* មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និងកំប៉ះគូទ

* ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ

ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)

* ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)


សូមបញ្ជាក់៖ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។


របៀបបង្ការ៖


* ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។


* លាងដៃកុមារឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុលដែល ជាពិសេសក្រោយប៉ះពងបែក ឬ ដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬ កុមារ

ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។


* លាងសម្អាតផ្ទៃនិងរបស់ ដែលប្រលាក់ដោយទឹកនិងសាប៊ូ។


* ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប អោប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។) ជាមួយកុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់។


* ប្រើស្លាបព្រា និងចាន ដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ។


* សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀនឬមណ្ឌលទារកដ្ឋាន ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញ

ទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ។


* សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top