សិប្បកម្មកែច្នៃ ប្រេងខ្មៅមួយកន្លែង នៅខេត្តកំពង់ឆ្នាំង បញ្ចេញផ្សែងប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ!

CRT



ខេត្តកំពង់ឆ្នាំង÷ សិប្បកម្មកែច្នៃប្រេងខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។


ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា÷ នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម ។ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់រោងចក្រ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព ដែលបានប៉ះពាល់ពីបញ្ហាក្លិន ចេញពីសិប្បកម្មកែច្នៃប្រេងខ្មៅនេះ ។ សិប្បកម្មខាងលើពុំមានប្រព័ន្ធចម្រោះផ្សែងនោះទេ។ យើោងតាមការធ្វើតេស្តបឋមគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡសម្ងួត និងឡស្លប្រេងខ្មៅ ឃើញថាកម្រិតសារធាតុSO2 លើសស្ដង់ដារ។


ប្រឈមនឹងបញ្ហាបរិស្ថានខាងលើ ក្រសួងបរិស្ថាន បានចាត់វិធានការចំពោះមុខគឺ តម្រូវឱ្យសិប្បកម្មបញ្ឈប់ការ បញ្ចេញផ្សែងជាបន្ទាន់ទោះរូបភាពណាក៏ដោយ ។ ជាមួយគ្នានេះ សិប្បកម្ម ត្រូវបំពាក់ប្រព័ន្ធចម្រោះសម្អាត ផ្សែងចេញពីឡសម្ងួត និងឡស្លប្រេងខ្មៅ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដាកំណត់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។


លើសពីនេះ ម្ចាស់សិប្បកម្ម ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់។ សិប្បកម្មខេងលើនេះ ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top