ខេត្តតាកែវ ៖ ក្រោយពីមានបណ្តាញសារព៌តមានក្នុងស្រុកជាច្រើនអង្គភាព ចុះផ្សាយយ៉ាងព្រោងព្រាតពាក់ព័ន្ធទៅការទន្ទ្រាញយកដី(ស្ទឹងស្លាគូ) ជាកម្មសិទ្ធផ្ទាល់ខ្លួន រួចមក គឺនៅថ្ងៃអាទិត្យ ម្សិលមិញនេះ! លោក វុី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងាររបស់លោក ចុះពិនិត្យជាក់ស្តែង ដោយលោកអភិបាលខេត្តបានដាក់បទបព្ជា និង ឱសានវាទក្នុងរយៈពេល១៤ថ្ងៃ ជាកំហិត អោយម្ចាស់ សំណង់នេះ ឈ្មោះ លី សម្បត្តិ និង ឈ្មោះ យ៉ុង សីហា កាយនិងវាយរបងនេះ ចេញវិញ ដែលបានសង់រំលោភចូលដីស្ទឹងស្លាគូ ជាង១១៩ ម៉ែត្រ។ ទីតាំងខាងលេីនេះស្ថិតក្នុង ភូមិត្រពាំងពោធ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបជូនថា៖ កន្លងមកបុគ្គល ឈ្មោះ លី សម្បត្តិ និង ឈ្មោះ យ៉ុង សីហា កំពុងសម្រុកធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយប្រើគ្រឿងចក្រធុនធំកាយជីកចំណីដីស្ទឹង និងសាងសង់របងថ្មហ៊ុព័ទ្ធបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ សំណង់របងនេះ គឺជាគំរោងរោងចក្រ ដែលមានទំហំផ្ទៃដីប្រមាណជាង ៤០ហិចតា ប៉ុន្តែការសាងសង់របងនោះ កំពុងសង់ចូលចំណីដីច្រាំង (ស្ទឹងស្លាគូរ) ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានបន្តបញ្ជាក់បន្ថែមទៀតថា៖ អាជ្ញាធរស្រុកត្រាំកក់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកត្រាំកក់ រួមមានមន្ត្រី ខេត្តតាកែវ មួយចំនួនជាអ្នកបណ្តោយឲ្យបុគ្គល ឈ្មោះ លី សម្បត្តិ និង ឈ្មោះ យ៉ុង សីហា ធ្វើការសាងសង់របងយកដីចំណី (ស្ទឹងស្លាគូរ) នេះ ដែលជាសម្បត្តិរបស់រដ្ឋ។
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអង្គការ សង្គមស៊ីវិល រួមទាំងមជ្ឈដ្ឋាន សង្គមស៊ីវិល ជាច្រើនទៀតផងដែរ សុំសំណូមពរដល់ សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តម ឱម យឹនទៀង សូមចាត់មន្ត្រីចុះអធិការកិច្ចផង ! សម្តេច!!! (ស្ទឹងស្លាគូ) ត្រូវបានអាជ្ញាធរ ស្រុកត្រាំកក់និងមន្ត្រីពាក់ព័ន្ធមួយចំនួនបណ្តោយឲ្យបុគ្គលមានលុយ ជីកកាយសងរបងរំលោភបំពានជាកម្មសិទ្ធផ្ទាល់ខ្លួន៕