ពិតជាថ្លើមធំដុះរោមមែន! ហ៊ាននោះហ៊ាន ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខ ដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ!! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ !!! (វគ្គទី៣)

CRT


រាជធានីភ្នំពេញ៖ ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី  សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់ ០១កន្លែង ដែលស្ថិតនៅភូមិទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេស អំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។ 


តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលដែល មានចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។


ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង ១៤ ខណ្ឌ គឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។


ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា÷ (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបាន បើទោះបីជាមានការធ្វើកំណត់ហេតុម្ដងជា ពីរដង និងជាបីដង រួចទៅហើយក៏ដោយ!។


តាមការចេញផ្សាយឲ្យមានការទប់ស្កាត់ជាបន្ទាន់ របស់ អ្នកសារព័ត៌មានបន្ទាប់ពីប្រជាពលរដ្ឋ បានធ្វើសេចក្តីជូនដំណឹងកន្លងមកគឺជាភស្តុតាងស្រាប់នៅ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ លោក សេង គុណ  បានធ្វើការឆ្លើយតបតាមរយៈសារយ៉ាងខ្លី ជំរាបមកអ្នកសារព័ត៌មានវិញថា៖ (សំណង់មានច្បាប់) ការបកស្រាយដ៏ខ្លីនេះកាន់រឹតតែកាន់អោយមហាជនទូទៅ រិតតែមានចម្ងល់ឆ្ងល់ដោយលាន់មាត់ថា ៖ ចុះបើមានច្បាប់ហើយមែននោះច្បាប់នឹងនៅឯណា ? ហើយស្ថាប័នពាក់ព័ន្ធណាខ្លះដែលជាអ្នកចេញច្បាប់ឲ្យក្នុងការសាងសង់លើមាត់ច្រាំងទន្លេបាសាក់នោះ ? ហើយច្បាប់នោះមានបានលើកជាស្លាកសញ្ញាធំៗ នៅក្នុងការដ្ឋានសាងសង់ដែលមានផ្ទៃដីដ៏ធំមួយនេះដើម្បីបញ្ជាក់ក្នុងគម្រោងអ្វីដែរ ? គឺគ្មានអីទាំងអស់!។


ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ដដែល លោក សេង គុណ អភិបាលខណ្ឌមានជ័យ បានផ្ញើរសារជូនអ្នកសារព័ត៌មានថា៖ (បានចុះពិនិត្យហើយ មួយខាងរាជធានី/ ខណ្ឌ/ សង្កាត់ បានផ្អាកការសាងសង់ហើយ) ក្នុងន័យនេះគឺមានន័យថា៖ សំណង់សាងសង់មិនប្រក្រតី មិនមានច្បាប់ ផ្ទុយពីការផ្ដល់សារជាលើកទីមួយ ជូនដល់អ្នកសារព័ត៌មាន ដែលថាសំណង់នេះមានច្បាប់! តែមិនមែនជាការប្រៀបធៀបអ្វីនោះទេគ្រាន់តែចង់ឱ្យថ្នាក់ដឹកនាំខណ្ឌឲ្យលោកជួយមានវិធានការ ចំពោះសំណង់ដែលមិនស្របច្បាប់នោះ! ដើម្បីបញ្ជៀសការគេចវេសចំពោះច្បាប់ ការបាត់បង់នូវចំណូលពន្ធអាកររបស់រដ្ឋ ការកាត់បន្ថយក្នុងករណី៖ មានអំពើពុករលួយ និងជៀសវាងមានការរិះគន់ជាសាធារណៈហើយជាការពិតក្រោមក្រសែភ្នែកសាធារណជនគឺសំណង់ត្រូវបានផ្អាកជាបណ្ដោះអាសន្នពិតប្រាកដមែន ក៏ប៉ុន្តែសំណង់នេះមិនត្រូវបានរុះរេីឬកាយយកដីឬធ្វើអ្វីបាននោះទេ។


ការផ្អាកមិនបានប៉ុន្មានថ្ងៃផងរហូតដល់ថ្ងៃទី ០៧ ទី០៨ ខែតុលា ឆ្នាំ ២០២៥ ស្រាប់តែជាមានគ្រឿងចក្រជាច្រើនដ៍មហិមា កម្មករដ៏សន្ធឹកសន្ធាប់នាំគ្នាញាប់ដៃញាប់ជើង ប្រញាប់ប្រញាល់ ធ្វើការទាំងយប់អាធ្រាតក្នុងចន្លោះចាប់ផ្តើមពីម៉ោងប្រមាណ១១ ម៉ោង១២ ឬម៉ោង១យប់តទៅ ធ្វើការដោយមិនខ្លាចនឿយហត់ និងដេកពួនឡើយ! ក៏ព្រោះតែបទបញ្ជាចាប់ផ្ដើមចេញពីលុយរបស់ ម្ចាស់ទីតាំងមួយកន្លែងនេះបានចាយជ: យ៉ាងច្រើនណាស់សម្បើមហើយមើលទៅ ដើម្បីធ្វើយ៉ាងណាយកច្រាំងទន្លេបាសាក់នេះឲ្យខានតែបានកុំស្មានថា៖ ត្រឹមលិខិតកំណត់ហេតុអោយផ្អាកម្ដង, ពីរដង ឬជា, បីដង ក៏ដោយគឺគ្មានផ្លូវទេ ហើយរឹតតែមិនខ្វល់អ្វីទាំងអស់សំខាន់ម្ចាស់ទីតាំងនេះធ្វើសិនហើយ រឿងច្បាប់ទុក្ខដោយឡែក ពិតជាមិនធម្មតា ហើយមិនកោតសរសើរមិនបានដែរ ឱព្រះអើយព្រះ! អញ្ចឹងហើយបានគេតែងតែនិយាយថា៖ សាហាវរកលេខដាក់គ្មាន! មិនខុសពីពាក្យគេថា (ទោះបីជាអ្នកណានិយាយអីក៏និយាយទៅសំខាន់មិនខ្វល់អ្វីទាំងអស់សំខាន់យកច្រាំងទន្លេនេះឲ្យបានសិន!)។

សាធារណៈជនក៏នៅតែបន្តលាន់មាត់គ្រប់ៗគ្នា ទៀតថា៖ គឺជាការគឃ្លើនបំផុតរបស់ម្ចាស់ទីតាំងនេះមិនត្រឹមតែកាយដីចេញពីច្រាំងទន្លេ ដែលនាំឲ្យប៉ះពាល់ដល់ទន្លេបាសាក់នោះទេ ថែមទាំងហ៊ានធ្វើបន្តតទៅទៀត ដោយមិនខ្វល់អំពីច្បាប់នោះឡើយ ។មតិមួយចំនួនទៀតក៏តែងតែលើកឡើងថា៖ រឿងនេះគឺជារឿងអាថ៌កំបាំងបាត់ទៅហើយ នៅកម្ពុជាក្តីលើពិភពលោកក្ដីច្បាប់ប្រទេសគឺ គ្មាននរណាមួយអាចប្រឆាំងបាននោះទេ ក៏ព្រោះតែច្បាប់នីមួយៗ ត្រូវបានចែងមកហើយមានការធ្វើវិសោធនកម្មយ៉ាងច្បាស់លាស់មុននឹងដាក់ឲ្យប្រើប្រាស់ គឺមានន័យថា ៖ ច្បាប់ចែងរួចមនុស្សយកអនុវត្តមិនថាឡើយអ្នកមានអ្នកក្រ អ្នកមានអំណាច អ្នកគ្មានអំណាច គឺមានស្មារតីគោរពច្បាប់ទាំងអស់គ្នា។ ក៏ប៉ុន្តែដោយឡែកម្ចាស់ទីតាំងខាងលើនេះបែរជាមិនខ្លាចច្បាប់ មិនខ្លាចការធ្វើកំណត់ហេតុអ្វីទាំងអស់ ហាក់បីដូចជា៖ មើលស្រាលកិច្ចការដឹកនាំរបស់រដ្ឋបាលខណ្ឌ ហើយទេដឹង! បានជាហ៊ានធ្វើដោយមិនខ្វល់អ្វីទាំងអស់!!!។


វាំងនន្តខ្មៅមួយនេះអាចប្រហែលជាទុកឲ្យ គណៈរដ្ឋមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ធ្វើការបើកការស្រាវជ្រាវស៊ើបអង្កេត រួមទាំង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ANTI-CORRUPTION UNIT (A.C.U.) បើកការស្រាវជ្រាវស៊ើបអង្កេតថា៖ មូលហេតុអ្វីបានជាទីតាំងនេះ ហ៊ានធ្វើហ៊ានប្រព្រឹត្តដោយមិនខ្លាចច្បាប់? ឬជាការជាប់ពាក់ព័ន្ធទៅនឹងបុគ្គលណាខ្លះទេដឹងមើលទៅ? ឬមានអ្នកកាងពីក្រោយខ្នងដែលជាអ្នករៀបចំផែនការនៅក្នុងការទន្ទ្រានយកច្រាំងទន្លេមួយនេះ?


យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។


យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។


ប្រជាពលរដ្ឋនិងសង្គមស៊ីវិលរង់ចាំឃ្លាំមើលជា បន្តទៅទៀតថា៖ តើម្ចាស់ទីតាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងណាដែរ? តើម្ចាស់ទីតាំងនោះនឹងត្រូវបានដាក់វិន័យឬទណ្ឌកម្មចំពោះមុខច្បាប់ដែរឬទេ? ហើយទីតាំងនេះទៀតសោតនឹង ត្រូវបានរុះរើសំណង់ចេញអត់ដោយរាប់គិតចាប់ពី ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះតទៅទៀត ដើម្បីជៀសវាងមានការរិះគន់ជាសាធារណៈពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស កុំឱ្យមានការយល់ច្រឡំថា៖ (ខឹងគោវ៉ៃរទេះឲ្យសោះ) !


ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើង បើកប្រអប់សាររង់ចាំទទួលប្រភពព័ត៌មាន នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ ដើម្បីជាការចូលរួមជាមួយនឹងសង្គមជាតិឆ្លងតាមតាមរយៈការផ្ដល់ដំណឹងជូនទៅដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក៏ព្រោះតែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិតៗ ក្នុងការទប់ស្កាត់រាល់អំពើអសកម្មណាមួយ ឬជាការវិវត្តមិនមានភាពប្រក្រតីក្រោមរូបភាពអវិជ្ជមានដែលមានបុគ្គលខ្លះមិនគោរពច្បាប់ឬដឹងច្បាប់ ហើយនៅឡើយបំពានច្បាប់ ដើម្បីកែទម្លាប់ដោយផ្ដើមចេញពីការចូលរួមរបស់យើងម្នាក់ៗគ្រប់ៗគ្នា។


អង្គភាពសារព័ត៌មានរបស់យើង នឹងរង់ចាំទទួលការឆ្លើយតបបញ្ជាក់ត្រឡប់មកវិញ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលយកនូវការផ្សព្វផ្សាយរាល់ព័ត៌មានបន្ថែម ក្នុងករណីដែល អង្គភាពសារព័ត៌មានរបស់យើង ចាំបាច់ទទួលបានពីប្រភពពាក់ព័ន្ធបន្ថែមទាំងអស់នោះគ្រប់ពេលវេលា និងក្នុងម៉ោងធ្វើការ ដើម្បីចូលរួមការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអរគុណ។


សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខ  ៖ 017 240 250 / 012 676 287











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top