ដីព្រៃកោងកាងជាដីដៃសមុទ្រសម្បត្តិរបស់រដ្ឋ ត្រូវបានលក់ដោយស្របច្បាប់ដោយលិខិតស្នាមមានការសង្ស័យនូវភាពមិនប្រក្រតី ខណៈដែលរាជរដ្ឋាភិបាលអាចនឹងមិនទាន់បានជ្រាប នេះគឺជាដំណឹង (វគ្គ១)!

CRT

 


ដីព្រៃកោងកាងជាដីដៃសមុទ្រសម្បត្តិរបស់រដ្ឋ ត្រូវបានលក់ដោយស្របច្បាប់ដោយលិខិតស្នាមមានការសង្ស័យនូវភាពមិនប្រក្រតី ខណៈដែលរាជរដ្ឋាភិបាលអាចនឹងមិនទាន់បានជ្រាប នេះគឺជាដំណឹង (វគ្គ១)!


ខេត្តកែប :បើយើងក្រឡេកមើលតំបន់ដែលមានសក្ដានុពលលាយឡំទៅដោយផ្ទៃដីធ្លីជាប់មាត់សមុទ្រគឺយើងអាចនិយាយអំពីខេត្តកែបគឺជាខេត្តមួយក្នុងចំណោមខេត្តមានផ្ទៃសមុទ្រដូចគ្នាមានខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានផ្ទៃសមុទ្រជាប់ឈូងសមុទ្រថៃ និងមួយផ្នែកជាប់ប្រទេសវៀតណាម។
អ្នកវិនិយោគិននាំគ្នាសម្រុកមកធ្វើការអភិវឌ្ឍក្នុងទឹកដីខេត្តកែបយ៉ាងច្រើនមហិមាដែលជាសេដ្ឋកិច្ចស្នូលរបស់ជាតិកម្ពុជា។

រីឯការគ្រប់គ្រងដោយមានចក្ខុវិស័យរបស់លោក សោម ពិសិដ្ឋ ដែលជាអភិបាលនៃគណៈអភិបាលខេត្តកែប អាចនាំឱ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍មកទស្សនានៅក្នុងខេត្តនេះយ៉ាងអាណែកកប្បការមិនថាឡើយថ្ងៃបុណ្យជាតិនោះទេ ទាំងនេះជាកត្តាជំរុញឲ្យផ្ទៃដីដ៏តូចមួយនេះរបស់ខេត្តកែបមានតម្លៃថ្លៃខ្ពស់កប់ពពកដែលម្នាក់ៗតែងតែចង់បានដើម្បីធ្វើការសាងសង់ ទៅតាមជំនាញ និងមុខរបររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់នោះ។

បើទោះជាមានភាពឥតខ្ចោះនៅក្នុងការដឹកនាំរបស់លោក សោម ពិសិដ្ឋ ក៏ដោយក៏មានកន្លែងខ្លះអាចជាបញ្ហាខ្វះចន្លោះប្រហោងដែលត្រូវជម្រាបជូនអំពីមិនប្រក្រតីមួយចំនួនដែលអាចកំពុងតែកើតឡើងនៅក្នុងទឹកដីខេត្តកែបនេះផងដែរ។

ជាក់ស្ដែងបើយើងក្រឡេកមើលផ្ទៃដីមួយដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតិយសសម្បត្តិរបស់រដ្ឋអតីតកាលជាដីសហគមន៍ សម្រាប់ឱ្យប្រជាកសិករធ្វើកសិកម្មផ្នែកស្រៃអំបិលដើម្បីផលិតចែកចាយលក់ក្នុងស្រុក និងក្រៅប្រទេស ក៏ប៉ុន្តែដោយមានភាពសម្បូរបែបផ្នែកការអភិវឌ្ឍន៍លើវិស័យផ្សេងៗនោះ ស្រាប់តែថ្មីៗនេះក៏ឃើញមានប្លង់ដីស្របច្បាប់ដែលត្រូវបានចេញដោយក្រសួងដែនដី និងនគររូបនីយកម្ម និងសំណង់ដោយគ្របដណ្ដប់លើដីសាធារណៈដែលជាសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានឈ្មោះ សៅ ណារី ដែលជាម្ចាស់បណ្ណកម្មសិទ្ធិកររួចបាត់ទៅហើយ។

ប្រភពមួយចំនួនអត់លើកឡើងដើម្បីជម្រាបដំណឹងជូនមកដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ គ្រឿងចក្រជាច្រើនគ្រឿងកំពុងតម្រាបជួរគ្នាយកអាចដីមកចាក់គ្រាប់ដណ្ដប់ទៅលើផ្ទៃដីប្រមាណ៥១០៦ ម៉ែត្រការ៉េ ដែលត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរក្រោមការគ្រប់គ្រងរបស់លោក ឆាង ឆៃ ត្រូវបានអនុញ្ញាតឱ្យមានការចាក់លើផ្ទៃដីនោះ។

ដោយឡែកក្នុងនាមប្រព័ន្ធផ្សព្វផ្សាយដើម្បីជាការផ្ដល់ដំណឹងនោះគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅលោកនិម្មាបនិក សុទ្ធពុទ្ធិ ម៉ានីន    ប្រធានរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីឲ្យលោកបញ្ជាក់ជុំវិញផ្ទៃដីនៅកំពុងតែមានគ្រឿងចក្រឈូសឆាយនិងយកអាចម៍ដីមកចាក់គ្របដណ្ដប់លើដៃសមុទ្រមានព្រៃកោងកាងសម្រាប់មច្ឆាសមុទ្រ ហើយក៏មានការចាក់បិទខ្ទប់មាត់លូផងដែរ ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប  ដើម្បីឲ្យលោកជួយបញ្ជាក់ ក៏ប៉ុន្តែភ្លាមៗពេកគឺលោកហាក់ដូចជាមិនទាន់បានដឹង  និងលោកបានប្រាប់មកវិញថាលោកកំពុងជាប់ប្រជុំ នៅក្នុងប្រព័ន្ធតេលេក្រាមលោកបានផ្ញើសារត្រឡប់មកវិញថា(អត់ដឹងទេ) ។

អង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងទៅលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញលិខិតអនុញ្ញាតដែលបានចេញដោយរដ្ឋបាលស្រុកដំណាក់ចង្អើរ និងមានការបោះត្រាដោយលោក ឆាង ឆៃ លោកបានបញ្ជាក់តាមសារតេលេក្រាមថា (បាទ ដីនឹងងមានប្លង់រឹង ហើយគាត់មានច្បាប់អនុញ្ញាតចាក់ដីប្អូន អរគុណ)។

រំលងប៉ុន្មាននាទីបន្ទាប់មកលោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ ក៏ធ្វើការទំនាក់ទំនងមកវិញដោយពេលនេះលោកហាក់ដូចជាដឹងរឿងជុំវិញដីខាងលើនេះ លោកនៅបញ្ជាក់ថា(ដីនេះគេមានប្លង់ត្រឹមត្រូវ)។

យើងនៅតែបន្តជជែកជាមួយលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរឈានដល់លោកឱ្យធ្វើការទំនាក់ទំនងទៅមេការម្ចាស់ដីតែម្ដងទៅ។ មេការម្ចាស់ដីបានបញ្ជាក់ប្រាប់ប្រាប់ថាដីនេះមានប្លង់ និងមានច្បាប់ ហើយមេការម្ចាស់ដីក៏បានបញ្ជូនច្បាប់អនុញ្ញាតទិញដោយរដ្ឋបាលស្រុកជាពីរដងម្ដងផ្សេងៗគ្នា។
តែយ៉ាងណាក៏ដោយលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរនៅតែបន្តជម្រាបដំណឹង និងផ្ញើលិខិតអនុញ្ញាតផ្សេងៗគ្នា។

ដោយឡែកវិញមួយទៀតនោះបើយោងតាមច្បាប់នៃការអនុញ្ញាតរាប់ទាំងមានការស្នើសុំគឺភារកិច្ច និងការទទួលខុសត្រូវលើការងារថ្នាក់មូលដ្ឋានភូមិឃុំគឺជារឿងសំខាន់ ក៏ប៉ុន្តែដោយឡែកនៅខណៈដែលយើងធ្វើការសាកសួរទៅអាជ្ញាធរឃុំ លោកមេឃុំមុននឹងយើងធ្វើការសាកសួរដល់អាជ្ញាធរមន្ត្រីស្រុក និងមន្ត្រីជំនាញខេត្តនោះលោកបានជម្រាបថាលោកអត់បានដឹងទេ មួយរយៈពេលនេះលោកមេឃុំអង្គោល មិនបានធ្វើការនោះទេ ដោយលោកមានជំងឺ និងបានផ្ទេរសិទ្ធិអោយជំទុកទី១ឃុំដើម្បីទទួលការងារជំនួស។ ចំណែកឯលោក ម៉ៃ វុធ ជាជំទុកទី១នៃឃុំបានបញ្ជាក់ប្រាប់យើងថាលោកមិនទាន់បានដឹងដំណឹងនេះនៅឡើយទេចាំលោកនឹងឲ្យមេភូមិគាត់ចុះទៅពិនិត្យមើល។

យោងតាមលិខិតអនុញ្ញាតចេញដោយរដ្ឋបាលស្រុកដំណាក់ចង្អើរចំនួន២លើកគឺ :

លើកទី១ ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ លេខ០១០/២៥ លអញ ចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមលិខិតស្នើសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

លើកទី២ ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ លេខ០១៥/២៥ លអញ ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ តាមលិខិតស្នើសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

យោងតាមលិខិតទាំងពីរមានខ្លឹមសារដូចខាងក្រោម :

លិខិតអនុញ្ញាតទី១:

    ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ

លេខ១៥.ល.អ.៣
ថ្ងៃ អង្គារ ២រោច ខែ ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ធ្វើនៅដំណាក់ចង្អើរ ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥
លិខិតអនុញ្ញាត
អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ
យោងៈ អនុក្រិត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលស្តីពី ការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ប្រកាសលេខៈ ៩២៨ ប្រក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូលតែមួយនៅក្រុង/ស្រុកគោលដៅ ។
-ប្រកាសលេខៈ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ការកែកម្រងសេវារដ្ឋបាល ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ពាក្យស្នើរសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
អនុញ្ញាតឱ្យ ឈ្មោះ សៅ ណារី ភេទ ស្រី អាយុ ៤៤ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ២ ឃុំ/សង្កាត់ ផ្សារដើមគរ ក្រុង/ស្រុក/ខណ្ឌ ទួលគោក រាជធានី/ខេត្ត ភ្នំពេញ ចាក់អាចម៍ដី ដើម្បី សាងសង់លំនៅដ្ឋាន ដែល មានក្បាលដីលេខ១៦១២ និងទំហំសរុប ៥,១០៦ម៉ែត្រការ៉េ មានទីតាំង ស្ថិតនៅភូមិ អង្គោល ឃុំ អង្គោល ស្រុក ដំណាក់ចង្អើរ ខេត្ត កែប តាមកំណត់ហេតុចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី ត្រឹមត្រូវ របស់ មន្ត្រី ជំនាញ ។

សាម៉ីខ្លួនត្រូវអនុវត្ត៖
១. ត្រូវគោរពតាមកិច្ចសន្យាឱ្យបានត្រឹមត្រូវ
២. ត្រូវការពារចញ្ចើមផ្លូវត្រង់ទីតាំងចាក់បំពេញអាចម៍ដីកុំឱ្យខូចខាត
៣. ត្រូវសំអាតអាចម៌ដីដែលជ្រុះប្រឡាក់នៅលើផ្លូវឱ្យស្អាតចាប់ពីទីតាំងយកអាចម៌ដី រហូតដល់ទីតាំងចាក់ដីរៀងរាល់ថ្ងៃ
៤. ត្រូវចាក់ត្រឹមទំហំជាក់ស្តែង ដែលមានក្នុងលិខិតអនុញ្ញាតតែប៉ុណ្ណោះ
៥. មិនអនុញ្ញាតឱ្យមានការផ្លាល់ប្តូរទីតាំង ឬអ្នកស្នើសុំចាក់បំពេញអាចម៌ដី បានឡើយ ។
៦. លិខិតអនុញ្ញាតនេះ មានសុពលភាពក្នុងការអនុវត្តរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ។

ចម្លងជូន
រដ្ឋបាលខេត្តកែប
ដើម្បីជូនជ្រាប
- ការិយាល័យសេដ្ឋកិច្ចស្រុកដំណាក់ចង្អើរ
- រដ្ឋបាលឃុំអង្គោល
- សាម៉ីខ្លួន
“ដើម្បីអនុវត្តន៍
-ឯកសារ-កាលបវេតិ
ឆាង ឆៃ

លិខិតអនុញ្ញាតទី២
     ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តកែបរដ្ឋបាលស្រុកដំណាក់ចង្អើរ
លេខ០១០ /២៥ ល.អ.ញ
ថ្ងៃ ចន្ទ ១៥រោច ខែ ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ធ្វើនៅដំណាក់ចង្អើរ ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥

លិខិតអនុញ្ញាត
អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរយោងៈ

អនុក្រិត្យលេខៈ ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលស្តីពី ការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ប្រកាសលេខៈ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ការកែកម្រងសេវារដ្ឋបាលស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ពាក្យស្នើរសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

អនុញ្ញាតឱ្យ
ឈ្មោះ សៅ ណារី ភេទ ស្រី អាយុ ៤៤ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ប្រការ ឃុំ/សង្កាត់ ព្រៃស ក្រុង/ស្រុក/ខណ្ឌ ដង្កោ រាជធានី/ខេត្ត ភ្នំពេញ ចាក់អាចម៍ដី ដើម្បី សាងសង់លំនៅដ្ឋាន ដែល មានក្បាលដីលេខ១៨៤៤ និងទំហំសរុប ៥០៦ម៉ែត្រការ៉េ មានទីតាំង ស្ថិតនៅភូមិ អង្គោល ឃុំ អង្គោល ស្រុក ដំណាក់ចង្អើរ ខេត្ត កែប តាមកំណត់ហេតុចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី ត្រឹមត្រូវ របស់ មន្ត្រី ជំនាញ ។

សាម៉ីខ្លួនត្រូវអនុវត្ត៖
១. ត្រូវគោរពតាមកិច្ចសន្យាឱ្យបានត្រឹមត្រូវ

២. ត្រូវការពារចញ្ចើមផ្លូវត្រង់ទីតាំងចាក់បំពេញអាចម៍ដីកុំឱ្យខូចខាត
៣. ត្រូវសំអាតអាចម៌ដីដែលជ្រុះប្រឡាក់នៅលើផ្លូវឱ្យស្អាតចាប់ពីទីតាំងយកអាចម៌ដី រហូតដល់ទីតាំងចាក់ដីរៀងរាល់ថ្ងៃ
៤. ត្រូវចាក់ត្រឹមទំហំជាក់ស្តែង ដែលមានក្នុងលិខិតអនុញ្ញាតតែប៉ុណ្ណោះ
៥. ដោយការស្នើសុំចាក់បំពេញអាចម៌ដីនេះស្ថិតនៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ឲ្យបាន សមស្របនៅឡើយនោះ ដូចនេះបើទៅអនាគតរាជរដ្ឋាភិបាលមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗនៅតំបន់នោះ ករណីមានផលប៉ះពាល់លើទីតាំងស្នើសុំចាក់ បំពេញអាចម៌ដីនេះ ខ្ញុំបាទ/នាងខ្ញុំជាម្ចាស់ដី សូមគោរពតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ដោយឥតលក្ខខ័ណ្ឌ និងគ្មានទាមទារសំណងពីរាជរដ្ឋាភិបាលឡើយ
៦. មិនអនុញ្ញាតឱ្យមានការផ្លាល់ប្តូរទីតាំង ឬអ្នកស្នើសុំចាក់បំពេញអាចម៌ដី បានឡើយ ។
៧. លិខិតអនុញ្ញាតនេះ មានសុពលភាពក្នុងការអនុវត្តរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ។

អភិបាល  ឆាង ឆៃ
បើយោងតាមលិខិតចេញទាំងពីរលេខដែលត្រូវបានចុះថ្ងៃខែឆ្នាំទៅតាមលំដាប់លំដោយគឺជាកិច្ចការងារដ៏ល្អមួយដែលយើងអាចយល់បានថាគឺមានវិធានការ លក្ខខណ្ឌ និងភាពច្បាស់លាស់លើលិខិតស្នាមតាមទម្រង់បែបបទកិច្ចការរដ្ឋបាលរបស់រដ្ឋបាលនៃស្រុកដំណាក់ចង្អើរ ក៏ប៉ុន្តែបើយើងយកលិខិតនោះមកធ្វើការពិចារណាដោយលំអិតទៅចំណុចមួយចំនួនដែលគួរឲ្យកត់សម្គាល់ចំណុចខ្លះៗដែលអាចនឹងជាភាពមិនប្រក្រតីដូចអ្វីដែលប្រភពពលរដ្ឋបានប្រាប់យើងដែរឬទេ?គឺយើងសូមបញ្ជាក់ឡើងវិញនូវអត្ថន័យនៃការអនុញ្ញាតលើកទី១ ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ លេខ០១០/២៥ ល.អ.ញ ចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមលិខិតស្នើសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

លើកទី២ ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ លេខ០១៥/២៥ លអញ ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ តាមលិខិតស្នើសុំរបស់ឈ្មោះ សៅ ណារី ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

- តើមូលហេតុអ្វីបានជាលេខចុះមុនធំជាងលុយចុះក្រោយនៃលិខិតទី១ដែលមានក្បាលដីលេខ១៦១២ ទំហំ៥១០៦ម៉ែត្រការ៉េ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរលេខ០១៥/២៥ ល.អ.ញ ដែលមានលេខធំជាងលេខនៃច្បាប់អនុញ្ញាតចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរលេខ០១០/២៥ ល.អ.ញ.?

-បើយោងតាមលិខិតនៃការអនុញ្ញាតឱ្យមានកាលកំណត់រយៈពេលតែ៩០ថ្ងៃយ៉ាងយូរដើម្បីធ្វើការចាក់អាចម៍ដី គឺមានន័យថាពាក្យស្នើសុំរបស់ឈ្មោះ សៅ ណារី ដែលមានអាសយដ្ឋានចំនួនពីរផ្សេងគ្នាផងដែរទៅលើលិខិតទាំងពីរនេះដោយលិខិតទីមួយមានអាសយដ្ឋាននៅក្នុងខណ្ឌទួលគោក និងអាសយដ្ឋានទី២មានអាសយដ្ឋានស្ថិតនៅក្នុងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញដូចគ្នា។

ហើយមួយវិញទៀតនៅក្នុងលិខិតដែលធ្វើការស្នើសុំចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ របស់សាមុីកម្មសិទ្ធិខាងលើនេះចំពោះរដ្ឋបាលស្រុកដំណាក់ចង្អើរត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរអនុញ្ញាតចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងលិខិតនេះអាចមានន័យថារដ្ឋបាលនៃស្រុកដំណាក់ចង្អើរអនុញ្ញាតច្បាប់ឲ្យមុនអ្នកស្នើសុំច្បាប់តាមក្រោយ? គឺហាក់បីដូចជាកាត់មួកតម្រឹមក្បាល តែការតម្រឹមនេះហាក់ដូចជាផលិតពុម្ពខុសបច្ចេកទេស។
ក្នុងករណីនេះផងដែរសូមឱ្យរដ្ឋបាលស្រុកដំណាក់ចង្ហើរជួយធ្វើការបកស្រាយឲ្យបានច្បាស់លាស់ជុំវិញសាធារណៈជនកំពុងតែដាក់ជិះចម្ងល់ទៅលើករណីនៃលិខិតអនុញ្ញាតទាំងអស់ខាងលើនេះ?

ជាពិសេសផងដែរនោះសូមឱ្យលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និងសុរិយោដីខេត្ត មួយពិនិត្យមើលឯកសារពាក់ព័ន្ធមួយចំនួនរបស់រដ្ឋបាលក៏ដូចជាការស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លេខ ២៣០១០១០២-១៦១២ សន្លឹកផែនទីលេខ ៥៨២៩១៨៦ លេខក្បាលដី១៦១២ ទំហំ៥១០៦ម៉ែត្រការ៉េ ប្រភេទដី រូបរាងការប្រើប្រាស់ដី លំនៅឋាន និងលក្ខណៈនៃការប្រើប្រាស់ដីឯកជន គឺជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចេញដោយស្របច្បាប់ ក៏ប៉ុន្តែសូមជួយពិនិត្យមើលឯកសារដែលធ្វើការដាក់ស្នើទៅគឺជាប្រភេទដីសម្រាប់អភិវឌ្ឍន៍អ្វីដែរ? ហើយក៏មិនមែនជាកិច្ចការងារជ្រៀតជ្រែកលើដែនសមត្ថកិច្ចមន្ត្រីជំនាញរៀបចំដែនដីសុរិយោដីនៃមន្ទីរខេត្តកែបដែរ ដែរ តែគឺជាកាតព្វកិច្ចភារកិច្ចចំពោះឯកសារយោងទាំងអស់នោះ។

សាធារណៈជនទូទៅក៏សង្ឃឹមថាលោកលោកស្រីនៅមន្ទីរជំនាញពាក់ព័ន្ធនឹងពិនិត្យនៅអ្វីដែលប្រសិនបើជាមានភាពមិនប្រក្រតី ដោយក្តីគោរព។

យោងតាមច្បាប់ដែលត្រូវបានចុះអនុក្រឹត្យកំណត់រួចជាស្រេចត្រូវហាមឃាត់ចំពោះសម្បត្តិដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ សម្បត្តិសហគមន៍របស់រដ្ឋ និងគតិយុត្តិមួយចំនួនដែលមិនត្រូវឱ្យមានការទន្ទ្រាន លក់ទិញនៅអ្វីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
ក៏ប៉ុន្តែច្បាប់ក៏ត្រូវបានធ្វើការកែតម្រូវឲ្យមានសន្ទុះក្នុងការអភិវឌ្ឍនៅទីតាំងដែលនាំឲ្យចំណេញដល់ជាតិ ដូចជាដីជាកន្លែងតំបន់អភិវឌ្ឍន៍ត្រូវបានចេញអនុក្រឹត្យឱ្យបានកាត់ចេញជា(ស ជ ណ) ដែលមានទំហំកម្រិតថ្នាក់ជាតិ ទំហំកម្រិតថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍លើវិស័យមួយចំនួន ហើយក៏មិនមែនសម្រាប់យកដីតំបន់ដែលបានជម្រាបជូនខាងលើនេះធ្វើជាកម្មសិទ្ធិបុគ្គលផ្ទាល់ខ្លួនណាមួយនោះដែរ។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមជ្រាបជាដំណឹង។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីក្រោមឱវាទពិនិត្យលើទីតាំងដែលបានជម្រាបជូនខាងលើនេះដោយការគោរព។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមចាត់មន្ត្រីចុះអធិការកិច្ចពិនិត្យមើលទីតាំងខាងលើនេះដោយការគោរពផងចុះ។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃអភិបាលខេត្តកែប សូមជ្រាបជាដំណឹង និងសូមចាត់មន្ត្រីនៃរដ្ឋបាលខេត្តដើម្បីចុះអធិការកិច្ចលើទីតាំងដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយការគោរព។

សម្រាប់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលសង្ឃឹមថាបន្ទាប់ពីមានការប្រាប់ជាដំណឹងដូច្នេះ អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញនៃអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ អនុវត្តចំពោះអ្វីដែលចាត់ទុកថាអាចប្រសិនបើមានភាពមិនប្រក្រតីដូចខាងលើសូមអនុវត្តច្បាប់ចំពោះមុខច្បាប់ឲ្យមានភាពស្មើៗគ្នា គឺដើម្បីជៀសវាងមានការរិះគន់ចេញពីសាធារណៈជនទូទៅ។

ក្នុងនាមស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងធ្វើការចេញផ្សាយដើម្បីជម្រាបដំណឹងនៅក្នុងទិដ្ឋភាពខាងលើនេះគឺជាការចូលរួមចំណែកជាមួយនឹងថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិដើម្បីធ្វើការងារយ៉ាងណាទប់ស្កាត់សកម្មភាពអសកម្មណាមួយ រាល់កង្វះខាតដោយចេតនា ឬអចេតនាពីសំណាក់អ្នកដែលពាក់ព័ន្ធទាំងអស់ដើម្បីកែតម្រូវឲ្យមានភាពត្រឹមត្រូវចំពោះមុខច្បាប់ក្នុងការអនុវត្តច្បាប់ឲ្យមានភាពស្មើៗគ្នា។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលព័ត៌មានបន្ថែមទៀតចេញពីបណ្ដាប្រភពពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ទៀតស្របតាមគោលការណ៍ច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។



















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top