ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់ និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..!

CRT


 ដីជាចំណីផ្លូវរបស់រដ្ឋដែលនៅសេសសល់  និងអាគារសំណង់បានកំពុសាងសង់ដ៏រឹងមាំលើផ្លូវសាធារណៈដោយគ្មានច្បាប់នោះត្រូវបានរដ្ឋបាលខណ្ឌធ្វើការឆ្លើយតប (វគ្គ២)..!


ខណ្ឌមានជ័យ : ដីចំណីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងដែលត្រូវបានប្រភពមួយចំនួនជម្រាបមកអង្គភាពសារព័ត៌មានរបស់យើងដើម្បីជម្រាបដំណឹងជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌមានជ័យដើម្បីឲ្យលោកបានដឹងថាតើទីតាំងដែលស្ថិតនៅម្ដុំលូប្រាំជាប់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសំណង់ដែលបានកំពង់សាងសង់មួយដ៏ខ្ពស់ស្កឹមស្កៃទាំងគ្មានច្បាប់អនុញ្ញាតចេញពីស្ថាប័នពាក់ព័ន្ធថ្នាក់លើឱ្យនោះ ឥឡូវត្រូវបានលោក  សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យទទួលព័ត៌មានដឹងឮហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥មុននេះបន្តិច។

លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ដើម្បីឆ្លើយតបមកវិញខណៈដែលអ្នកសារព័ត៌មានរបស់យើងព្យាយាមផ្ដល់ដំណឹងជូនលោកតាមរយៈការហៅទូរសព្ទដៃ ក៏ប៉ុន្តែជាលើកដំបូងនិយាយហើយលោកបិទទូរសព្ទដៃ មានន័យថាប្រហែលអាចនឹងជាប់រវល់ហើយ។

ទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកសារព័ត៌មានប្រាកដណាស់ ដឹងច្បាស់ណាស់ពីតម្លៃ និងអារម្មណ៍អ្នកទទួល ហើយយើងជាអ្នកសារព័ត៌មានបានធ្វើការជម្រាបដំណឹងតាមរយៈតេឡេក្រាមបន្ថែមជៀសវាងការផ្សាយជាលើកទីពីរនេះមិនត្រូវបានទទួលការសហការឬជម្រាបដំណឹងលោកក្នុងនាមតំណាងឲ្យរដ្ឋបាលខណ្ឌមានជ័យ។

តែទីបំផុតលោកបានឆ្លើយតបតាមរយៈសារមកវិញថា (លោកជាប់ប្រជុំ ហើយលោកបានបញ្ជាក់ទៀតថាចាំបងឱ្យក្រុមការងារឆែកមើល)។

សូមជម្រាប និងរំលឹកឡើងវិញថាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បណ្ដាញផ្សព្វផ្សាយអង្គភាពរបស់យើងមួយចំនួនធ្វើការចុះផ្សាយជុំវិញករណីខាងលើនេះដើម្បីផ្ដល់ជាដំណឹងបឋមជូនទៅដល់រដ្ឋបាលខណ្ឌមានជ័យ និងអង្គភាពស្ថាប័នពាក់ព័ន្ធឱ្យបានជ្រាបផងដែរថា :

(លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន!
រាជធានីភ្នំពេញ :បើយោងតាមប្រភពបានបង្ហើបប្រាប់មកសារព័ត៌មានយើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថាដីមួយកន្លែងអាចមានតម្លៃជាង១០ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅចំណុចលូប្រាំ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលេចឮថាត្រូវបានឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឱ្យគេបាត់ទៅហើយ តើវាជាការពិតដែរឬយ៉ាងណា?
ដោយឡែកកន្លងមកលោក សាំង សុីណា ជាចៅសង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់ថាទីតាំងដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះទុកធ្វើជាបុស្តិ៍ប្រជាការពារ ។
តែយ៉ាងណាក៏ដោយជុំវិញព័ត៌មានខាងលើនេះបណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងនឹងធ្វើការសាកសួរទៅមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធថ្នាក់លើបន្តទៀតនៅពេលក្រោយ បន្ទាប់ពីការផ្ដល់ដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាបឋម។
អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ផងដែរពីប្រភពដែលនឹងត្រូវផ្ដល់ជូនដើម្បីធ្វើការផ្សព្វផ្សាយបន្ត...សូមអរគុណ!)

បន្ទាប់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានទទួលឃើញ និងអាននូវរាល់ខ្លឹមសារដែលបានជម្រាបដំណឹងជូនជាបឋមខាងលើនោះមកទីបំផុតលោកក៏បានធ្វើការឆ្លើយតបតាមរយៈតេលេក្រាមបន្ថែមទៀតថា (ប្អូនបានប្រភពមកពីណាផ្សាយនឹង ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ហើយលោកបានបន្តទៀតថា ទទួលបានប្អូន អរគុណច្រើន បងនឹងដាក់ក្រុមការងារចុះពិនិត្យតាមដាន តែប្អូនចុះព័ត៌មានអញ្ចឹងខូចឈ្មោះថ្នាក់ដឹកនាំ)!

ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់យើងបើទោះបីជាលោកធ្វើការជំរាបដំណឹងតាមរយៈសារដ៏ខ្លីមួយនេះក៏អង្គភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់យើងយល់ឃើញថានេះគឺជាការទទួលខុសត្រូវខ្ពស់ក្នុងនាមជាថ្នាក់ដឹកនាំដែលមានឆន្ទៈក្នុងការផ្ដល់ដំណឹងត្រឡប់មកវិញជូនដល់អ្នកសារព័ត៌មានរបស់យើង និងបើទោះជាលោកជាប់រវល់យ៉ាងណាក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានគឺជាវិស័យមួយដ៏សំខាន់សម្រាប់ឲ្យប្រទេសជាតិទទួលបាននូវដំណឹង ហើយដំណឹងនោះទៀតសោត គឺជាដំណឹងវិជ្ជមាន និងជាដំណឹងអវិជ្ជមាន គោលបំណងដោយដោះស្រាយបញ្ហា និងកាត់បន្ថយបញ្ហាទៅជាដំណឹងល្អមកវិញ។ ហើយបើប្រព័ន្ធដឹកនាំដែលមានធនធានមនុស្សមានការយល់ដឹង និងជាការប្រមូលផ្ដុំគ្នាដើម្បីគិតទៅលើការអភិវឌ្ឍន៍ជាតិដោយពឹងផ្អែកទៅលើការចូលរួមចំណែកក្នុងសង្គមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់គឺច្បាស់ណាស់ជាតិកម្ពុជានាំមកនូវការរីកចម្រើនរបស់ប្រទេសជាតិនោះផងដែរ។

ជារួមមកបើយើងយកបញ្ហាដីសាធារណៈរបស់រដ្ឋដែលមានទីតាំងស្ថិតនៅម្ដុំលូប្រាំ ជាប់ផ្លូវវេងស្រេង និងជាកន្លែងសម្រាប់អាជីវករបង្កើតមុខរបររកស៊ីលក់ដូរសម្រាប់ចិញ្ចឹមជីវិតបច្ចុប្បន្នគឺជាទីកន្លែងសំខាន់មួយសម្រាប់ពាណិជ្ជកម្មថ្នាក់ក្រោមជាតិ ហើយដីចំណីផ្លូវនោះទៀតសោតក៏ជាទីកន្លែងដែលអាចនាំគ្នាគិតថាប្រសិនបើដីនោះនៅសល់ដែលមានទំហំល្មម និងធ្វើជាផ្ទះឬក៏បង្កើតនូវតូបលក់ដូរបានច្បាស់ណាស់គ្រប់ៗគ្នាគឺតែងសម្លឹងឃើញលើទីតាំងនោះពិតប្រាកដជាក់ជាមិនខាន។

មួយវិញទៀតបើយើងក្រឡេកមើលសំណង់ដែលបានធ្វើការសាងសង់ដ៏ខ្ពស់ត្រដែតស្កឹមស្កៃពីចម្ងាយនរណាក៏អាចឃើញអំពីអគារនោះផងដែរដែលបានរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដ និងគ្មានច្បាប់អនុញ្ញាតិណាចេញឱ្យសាងសង់របៀបនោះទេ  ហើយក្នុងករណីដែលមានគ្រប់បុគ្គលទាំងឡាយនាំគ្នាទៅប្រមូលផ្ដុំសាងសង់សំណង់អគាររឹងមាំលើចំណីផ្លូវសាធារណៈទាំងអស់នោះ តើជាទង្វើរខុសពីច្បាប់ឬក៏ជាអំពើត្រូវនឹងច្បាប់? ហើយបើការសាងសង់ជាសំណង់ដ៏រឹងមាំដូច្នោះនោះទៅហើយ តើនរណាជាអ្នកទទួលខុសត្រូវខ្ពស់មុខច្បាប់ ដែលច្បាប់តម្រូវនូវការអនុវត្តឱ្យភាពស្មើៗគ្នាចំពោញមុខច្បាប់?
ចំពោះច្បាប់ និងគោលការណ៍នៃការសាងសង់នៃសំណង់រឹង និងការរំលោភយកចំណីផ្លូវជាដើមត្រូវបានចែងយ៉ាងច្បាស់លាស់ដើម្បីឲ្យពលរដ្ឋមានការយល់ដឹងគ្រប់ៗគ្នាផងដែរ។

បើយោងតាមច្បាប់ភូមិបាលបានចែងក្នុងមាត្រា ២៥៩ ថា:

ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។

ចាវីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ ចារី គ្មានសិទ្ធិទារកំរៃអំពីពលកម្មឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ ។

ក្នុងករណីដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជា ធរមាន ហើយមានឯកសារសំអាងនិងបញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់ អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ ។


សម្រាប់អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅនឹងសង្ឃឹមថារាល់ករណីដែលបានកើតឡើងខាងលើគឺជាព័ត៌មានសំខាន់ដើម្បីឲ្យអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យនិងស្រាវជ្រាវចៀសវាងការរិះគន់ជាសាធារណៈនៅពេលក្រោយជាបន្តបន្ទាប់។ហើយក៏មានការជឿជាក់ចំពោះថ្នាក់ដឹកនាំខណ្ឌមានជ័យក្រោមបទបញ្ជារបស់លោក សេង គន្ធ ទៅលើការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ដោយស្របតាមគោលនយោបាយរបស់សាលារាជធានីភ្នំពេញដែលបានកំណត់យ៉ាងច្បាស់ចំពោះទីតាំងដែលមានផលប៉ះពាល់ដល់ទីសាធារណៈរបស់រដ្ឋ ពិសេសបំផុតក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។

សម្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងសូមអរគុណចំពោះលោក សេង គន្ធ រដ្ឋបាលខណ្ឌមានជ័យដែលតែងតែយកចិត្តទុកដាក់ចំពោះការឆ្លើយតបត្រឡប់មកដល់បណ្ដាលអង្គភាពសារព័ត៌មានរបស់យើងដើម្បីបញ្ជាក់ដំណឹងនោះត្រឡប់ទៅវិញជូនសាធារណជន ក៏ដូចជារាជរដ្ឋាភិបាលបានដឹងអំពីព័ត៌មានមួយនេះ ហើយប្រព័ន្ធផ្សព្វផ្សាយរបស់យើងទាំងអស់គ្នា ហើយរាល់ការផ្សាយទាំងឡាយណាគឺស្ថិតក្រោមរង្វង់ដែនកំណត់រិះគន់បែបស្ថាបនា មិនមែនជាការដាក់បន្ទុកលើអាជ្ញាធរ ឬមន្ត្រីរាជការណាមួយនោះឡើយ ហើយក៏រឹតតែមិនមែនជាអ្នកអាកាត់លើបញ្ហាទាំងឡាយលើកិច្ចការដឹកនាំរបស់ថ្នាក់ដឹកនាំផងដែរ។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់មន្ត្រីដើម្បីសិក្សាស្រាវជ្រាវជុំវិញករណីខាងលើនេះដោយការគោរព។

អង្គភាពរបស់យើងក៏ធ្វើការស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់មន្ត្រីរបស់ក្រសួងឬមន្ទីរជាសេនាធិការចុះអធិការកិច្ច និងស្រាវជ្រាវដោយការគោរព!

អង្គភាពសារព័ត៌មានរបស់យើងក៏សូមស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីចុះអធិការកិច្ចជុំវិញករណីខាងលើនេះដោយការគោរពផងចុះ។

អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលប្រភពបន្ថែមដើម្បីជម្រាបដំណឹងនេះជាបន្តបន្ទាប់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការដោយអនុវត្តតាមច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។

ដោយ :ព្រះឥន្រ្ទ





















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top