ចេញផ្សាយថ្ងៃទី 03 ខែតុលា ឆ្នាំ2025
ភ្នំពេញ/ខណ្ឌដង្កោ៖ បើយោងតាមរូបភាព និងវីដេអូរដែលភ្នាក់ងារសារព័ត៌មានរបស់យើងទទួលបាន អំពីទីតាំងដែលបានដុតបំផ្លាញសារធាតុញៀន ទៅជាសំរាមនោះ លាន់មាត់គ្រប់ៗគ្នាស្តីពីរោងចក្រដែលមិនមានស្លាកយីហោ គឺប្រាកដណាស់ជាកន្លែងផលិតបារីលួចលាក់ដែលនាំឲ្យប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ, បរិស្ថាន និងជាការធ្វើពាណិជ្ជកម្មដោយមិនស្មើភាពគ្នា បើធៀបទៅនឹងអាជីវកម្មដូចគ្នានឹងប្រហាក់ប្រហែលគ្នា។
សូមបញ្ជាក់ថា និងរំលឹកឡើងវិញថា៖ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើង ធ្វើការចេញផ្សាយដើម្បីឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ធ្វើការត្រួតពិនិត្យនៅទីតាំងកន្លែងផលិតបារីដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយយោងតាមសេចក្តីបានចុះផ្សាយដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖
ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅក្នុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារី ដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។
បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះ ដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយដើម្បី ជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅល្ងាចថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ ក្រោមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ ៖ ទីមួយ៖ រោងចក្រនេះអាចសង្ស័យជារោងចក្រផលិតបារី ។ ទីពីរ៖ រោងចក្រទាំងនេះមិនបានលើកស្លាកយីហោ ឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ។ ទីបី៖ បរិយាកាសមួយចំនួនគឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមី ដែលបានសាយភាយ ។ ទីបួន៖ យើងឃើញមានប្រជាពលរដ្ឋបានរាយការថា ទីតាំងទាំងនោះគឺជាទីតាំងដែលស្តុកនៅបារីដូចជាកំទេចអំពីសំរាម សុទ្ធសឹងតែជាស្ថានភាពញៀនដែលអង្គភាពរបស់យើងធ្វើការផ្ដិតនិងថតដើម្បីជាភស្តុតាងជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មាន ជាដើម។ល។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា៖ ឯកឧត្តម ឃួង ស្រេង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន (ក.ប.ប) គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅអ្នកគ្រប់គ្រងរោងចក្រនោះដើម្បីឲ្យលោកជួយបញ្ជាក់ នៅទីតាំងរោងចក្រផលិតបារីនេះ សម្រាប់ជាការឆ្លើយតបត្រឡប់មកវិញគឺថា សូមធ្វើការសាកសួរទៅមេរបស់លោកទៅចំពោះលោកលោកមិនដឹងទេ បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅនឹងមេអ្នកគ្រប់គ្រងរោងចក្រនោះអំពីរោងចក្រទាំងនេះឱ្យប្រាប់ទាំងអត្តសញ្ញាណនៃទីតាំងរោងចក្រដើម្បីឲ្យលោកច្បាស់ លោកអាចជាម្ចាស់អាគាររោងចក្រទាំងមូលក៏ថាបាន ក៏ប៉ុន្តែលោកក៏បានបញ្ជាក់ប្រាប់មកយើងថាទីតាំងនេះមិនមែនជាកន្លែងផលិតបារីនោះទេ តែជាកន្លែងផលិតកាតុងទៅវិញ។
តែទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះលោកទាំងពីរដែលបានផ្ដល់នូវបទសម្ភាសជូនដល់សារព័ត៌មានរបស់យើងអ្វីដែលជាខ្លឹមសាររបស់លោកទាំងពីរដែលបានផ្ដល់នូវបទសម្ភាសន៍។ នៅថ្ងៃដដែលផងដែរបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅ លោក សួង សំអុល ជាចៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសំណួរចោទសួរមិនបានប៉ុន្មានផង លោកហាក់បីដូចជាដឹងថា ទីតាំងនេះគឺជាកន្លែងផលិតបារីពិតប្រាកដមែន ក៏ព្រោះតែលោកជាម្ចាស់ទឹកម្ចាស់ដី ហើយក៏គ្មានអ្នកណាអាចភូតកុហកទៅលើទីតាំងណាមួយនោះដែលស្ថិតនៅក្រោមដែនដីរបស់លោកគឺលោកដឹងទាំងអស់។
លោក សួង សំអុល បានជម្រាបប្រាប់មកអង្គភាពផ្សារព័ត៌មានរបស់យើងយ៉ាងច្បាស់ៗថា៖ កន្លងមកទីតាំងផលិតបារីទាំងនេះគឺមានស្ថាប័នបរិស្ថានចុះមកយូរហើយផងដែរ ហើយក៏ស្ងាត់បាត់ទៅវិញទៅ អង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរជុំវិញការអនុញ្ញាតច្បាប់ចេញពីថ្នាក់មូលដ្ឋានសង្កាត់ដែរឬទេ? លោកចៅសង្កាត់បានបញ្ជាក់ទៀតថាគ្មាននរណាសុំច្បាប់ពីលោកទេ។
បើលោកចៅសង្កាត់បញ្ជាក់ថា៖ គ្មាននរណាសុំច្បាប់នោះគឺមានន័យថា អាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែនាំគ្នាប្រព្រឹត្តនូវការអនុវត្តផ្ទុយពីនីតិវិធីផ្លូវច្បាប់ មកលេងសើចដោយមិនគិតអំពីច្បាប់គឺមានន័យថាកាត់មួកតម្រង់ក្បាលហើយ ដោយថ្នាក់លើកំពូលមិនដឹងក៏នាំគ្នាប្រព្រឹត្តនូវការត្រូវរូវគ្នាណាមួយដែលអាចចាត់ទុកថាជាការមិនអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
សូមស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើ គឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា៖ (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
មជ្ឈដ្ឋានទូទៅក៏ដូចជាអង្គការសង្គមស៊ីវិល នៅតែទទួចម្ដងហើយម្ដងទៀតថា៖ សូមឱ្យមន្ត្រីពាក់ព័ន្ធ អាជ្ញាធរខណ្ឌដង្កោ អាជ្ញាធររាជធានីភ្នំពេញ សូមមេត្តាលៃលកពេលវេលាចុះត្រួតពិនិត្យទីកន្លែងផលិតបារីដែលមិនមានលើកស្លាកយីហោហើយបានត្រឹមត្រូវដើម្បីជៀសវាងរាល់ការរិះគន់ទាំងឡាយណាដែលនាំឱ្យប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានឋិតខំទប់ស្កាត់រាល់អ្វីដែលជាសកម្មភាពមិនប្រក្រតីនៅក្នុងសង្គម និងនាំឱ្យប៉ះពាល់ដល់កិច្ចដំណើរការដឹកនាំគោលនយោបាយរបស់ជាតិផងដែរ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ។