អ្នកម្ដាយមនុស្សធម៌!!! សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ ប្រជាជនរងគ្រោះដោយសារទឹកជំនន់ចំនួន ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ

CRT

ខេត្តត្បូងឃ្មុំ៖ ទឹកចិត្ដអ្នកម្ដាយមនុស្សធម៌ ដែលមានទំហំទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។


ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។


បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។


លោក ប៉ែន កុសល្យ បានឱ្យដឹងទៀតថា៖ ស្ថិតក្នុងស្ថានភាពដែលទឹកជំនន់បានហក់ជន់ឡើងខ្លាំងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា មកនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្ត និងក៏បានចុះសួរសុខទុក្ខបងប្អូនដែលបានរងគ្រោះដោយរងគ្រោះពីទឹកជំនន់ផងដែរ រីឯបងប្អូនប្រជាពលរដ្ឋវិញ រស់នៅក្នុងឃុំជាច្រើនតាមដងទន្លេគង្គ ក៏បានប្រុងប្រៀបរៀបចំទុកដាក់ សម្ភារៈ ស្បៀងអាហារ បម្រុងបង្ការគ្រោះទឹកឡើងនេះផងដែរ។


ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះទៅសួរសុខទុក្ខបងប្អូនដល់ទីកន្លែង និងបានមើលឃើញពីទុក្ខលំបាក និងក្តីកង្វល់បងប្អូនផ្សេងៗទៀត ដែលកំពុងជួបគ្រោះទឹកជំនន់ ដែលបានជនលិចផ្ទះសម្បែង ភោគផលដំណាំ ព្រមទាំងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលជាក់ស្ថែង បងប្អូនដែលបានជនលិចដល់ផ្ទះសម្បែងរបស់ពួកគាត់ហើយនោះ បានជម្លៀសខ្លួនមកកាន់ទីទួលសុវត្តិភាព ចំនួន ១៣ទីតាំងនៅក្នុងស្រុកត្បូងឃ្មុំនេះ មានចំនួនសរុប ១,៨០០គ្រួសារ មនុស្សសរុប ៥,៩៦៥នាក់ ស្រី ២,៩៦០នាក់ អ្នកមកស្នាក់នៅ ៤,៧៧១នាក់ ស្រី ២,៣៩៣នាក់ ក្នុងនោះរួមមាននៅឃុំទន្លេបិទ ដែលមានភូមិទួលគរ ភូមិព្រែកតូច ភូមិទន្លេបិទលើ ភូមិទន្លេបិទ និងភូមិយាស សរុបចំនួន ៧៧២គ្រួសារ, ឃុំជីរោទ៍ទី១ មានភូមិព្រែកតូច ភូមិរកាធំ និងភូមិទួលកែវ សរុបចំនួន ៨២៨គ្រួសារ និងឃុំបឹងព្រួល មានភូមិទួលកំពតទី៣ ភូមិម៉ាស៊ីស្រូវ ភូមិវិហារក្រោម ភូមិបាតដីក្រោម ភូមិទួឡដំបង និងភូមិបឹងព្រះ សរុបចំនួន ២០០គ្រួសារ។

ក្នុងនោះផងដែរក្នុងស្រុកត្បូងឃ្មុំ មានទួលសុវត្ថិភាពធំៗជាងគេ មាន ០២កន្លែង គឺទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ និងទីទួលសុវត្តិភាពឧកញ៉ា អាន ម៉ាឌី។ ដោយឡែក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋនៅលើទួលសុវត្ថិភាពធំៗទាំង ០២កន្លែង ដោយបានរៀបចំតម្លើងរោងប៉ុសិ៍សុខភាព ចំនួន ០២កន្លែង សម្រាប់ក្រុមគ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនបងប្អូន ក៏បានរៀបចំដាក់ស៊ីទែនទឹក នៅលើទួលធំទាំង ០២កន្លែង ដាក់បង្គន់អនាម័យ និងភ្លើងបំភ្លឺសម្រាប់បងប្អូនផងដែរ។


ជាមួយគ្នានេះ ដើម្បីអន្តរាគមន៍ឆ្លើយតប និងការត្រៀមបង្ការ ក្រោយពីមានគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចែកអំណោយជាសម្ភារ ថវិកា ផ្ដល់ជូនគ្រួសាររងគ្រោះផងដែរ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏មានទិសដៅការងារអនុវត្តបន្តបន្ទាប់ លើការឆ្លើយតបគ្រោះមហន្តរាយខាងលើតាមសកម្មនានា។


ឆ្លៀតក្នុងឱកាសលោក ប៉ែន កុសល្យ បានសម្តែងនូវសេចក្តីដឹងគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មដឹកនាំជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលរងគ្រោះទឹកទឹកជំនន់ នាពេលនេះ។


ទន្ទឹមនឹងនោះម្តងលោក ប៉ែន កុសល្យ និងប្រជាពលរដ្ឋទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្តេចកតិ្តព្រឹទ្ធបណ្ឌិត សូមមានជន្មានុយឺនយូរ និងសុខុមាលភាពល្អបរិបូរណ៌៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top