ព័ត៌មានជាតិ

គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន២៤០រូប

គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន២៤០រូប

(ភ្នំពេញ)៖ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន២៤០រូប ព្រមទាំងការប្រកាសរចនាសម្ព័ន្ធនៃគណ:កម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា និងពិធីសំណេះសំណាលស្ដីពីផែនការរួម និងកម្មវិធីសំខាន់ៗឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៣។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិមាន៧មករា ក្រោមអធិបតីភាពលោក ឡេង ប៉េងឡុង សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមានសមាសភាពគណ:អធិបតីនិងសមាជិកចូលរួមចំនួន ១,០៣៩នាក់ ។

ក្រៅពីការប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាថ្មីទាំង២៤០រូប ដែលបានស្ម័គ្រចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ លោក ឡេង ប៉េងឡុង ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិរបស់ថ្នាក់ដឹកនាំ ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជា ឥស្សរជនស្នេហាជាតិដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា ដែលបានពុះពារគ្រប់បែបយ៉ាងក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងខិតខំកសាងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ពីការហ៊ំព័ទ្ធសេដ្ឋកិច្ចរបស់ប្រទេស រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

លោកប្រធានគណ:កម្មាធិការបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ សង្គ្រោះប្រជាជនពីរបបប្រល័យពូជសាសន៍ ផ្ដល់ជូនប្រជាជននូវការរស់រានមានជីវិតនិងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍប្រទេសជាតិ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃនៅកម្ពុជា ពិសេសគឺគោលនយោបាយឈ្នះៗ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការបង្រួបបង្រួមជាតិ និងមានការឯកភាពទឹកដីឡើងវិញ។ ចាប់តាំងពីចុងឆ្នាំ១៩៩៨មក បន្ទាប់ពីអង្គការចាត់តាំង និងយោធារបស់ខ្មែរក្រហមត្រូវបានរំសាយទាំងស្រុង។

លោក ឡេង ប៉េងឡុង បានបន្ថែមទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។ លោកក៏បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអំពាវនាវដល់អង្គពិធីទាំងមូលចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីការរស់នៅប្រកបដោយសេចក្ដីសុខ និងអាចមានលទ្ធភាពក្នុងការកសាងអភិវឌ្ឍប្រទេសជាតិបន្តទៀត។

លោក ឡេង ប៉េងឡុង ក៏បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ ជួយពន្យល់ណែនាំដល់សាច់ញាតិ និងអ្នកដទៃទៀត សូមផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនាពេលខាងមុខៗ ជាបន្តទៀត ព្រោះគណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងជាតួអង្គស្នូលនៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមក៕

crt

Leave a Reply

Your email address will not be published.