ព័ត៌មានជាតិ

គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ចំនួន១៧៥រូប

គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ចំនួន១៧៥រូប

(ភ្នំពេញ)៖ ឆ្លងកាត់លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសសមាសភាព គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ដែលមានសរុប១៧៥រូប បានប្រឡងជាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែមករានេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល គ.ជ.ប បានពិនិត្យ និងសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ដែលមានចំនួនសរុប ១៧៥រូប បានប្រឡងជាប់។ សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី ខេត្តនីមួយៗមានចំនួន ៧រូប ដោយឆ្លងកាត់វិញ្ញាសាប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ដែលមានមុខតំណែង៖

ទី១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១រូប
ទី២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១រូប
ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ០១រូប
ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ០១រូប
ទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ០១រូប
ទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ០១រូប
និងទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ០១រូប។

គ.ជ.ប បានឱ្យដឹងថា ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤នាក់។

សមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ១៧៥រូប នឹងត្រូវចូលបម្រើការងារដូចខាងក្រោម៖

ទី១៖ សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តចំនួន ៣រួមមាន៖ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ត្រូវចូលបម្រើការងារចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ទី២៖ សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់ ២២ រាជធានី ខេត្ត ទៀត ត្រូវចូលបំពេញភារកិច្ចចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

 

 

crt

Leave a Reply

Your email address will not be published.