ព័ត៌មានជាតិ

អ្នក​ហូប​ជ្រូក​ខ្វៃ ​សូម​ប្រយ័ត្ន​គ្រោះថ្នាក់ ខ​ណៈសត្វ​ជ្រូក​ក្លា​ស្សេ​នាំ​ចូល​អាច​មាន​មេរោគ

អ្នក​ហូប​ជ្រូក​ខ្វៃ ​សូម​ប្រយ័ត្ន​គ្រោះថ្នាក់ ខ​ណៈសត្វ​ជ្រូក​ក្លា​ស្សេ​នាំ​ចូល​អាច​មាន​មេរោគ

 

រាជធានី​ភ្នំពេញ ៖ រឿង​ជ្រូក​ដែល​គេ​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​ត្រូវ​បាន​គេ​អះអាង​ថា មាន​ជា​បន្តបន្ទាប់ ហើយ​ប្រភេទ​ជ្រូក​ដែល​គេ​នាំ​ចូល​មួយ​ភាគ​ធំ​ហាក់ជា​ជ្រូក​ដែល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជ្រូក​ខ្វៃ​នៅ​ក្នុង ប្រទេស ដោយសារ​តែ​ទំហំ​នៃ​ជ្រូក​ដែល​គេ​ឃើញ គឺ​ភាគច្រើន​មាន​ទំហំ​ប៉ុន​នឹង​ទំហំ​ជ្រូក​ខ្វៃ​។

 

ជ្រូក​ខ្វៃ​នៅ​ក្នុងស្រុក​យើង​នៅ​ពេល​នេះ​មាន​ហាងឆេង​ខ្ពស់​ណាស់​ដោយនៅ​ពេល​នេះ​ក្រៅពី​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ទាំងមូល​យក​ទៅ​សែនព្រេន តាម​កម្មវិធី​នៅ​ក្នុង​គ្រួសារ​ឬ​ឱកាស​ផ្សេង​ៗ​ហើយ​នោះ​ក៏​មាន​អ្នក​និយម​ទិញ​យក​ទៅ​ហូប​ចុក​ជុំ​គ្នា​។​សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​ទិញ​ទាំងមូល ឬ​ក៏​សមាជិក​តិច​វិញ គេ​ក៏​អាច​ទិញ​ជា​គីឡូ​ក៏​បាន​ផង​ដែរ ដោយ​ការ​កុំ​ម្ម៉​ង់ គឺ​សឹងតែ​មិន​ចាំបាច់​ហត់​ធ្វើ​ដំណើរ​ទិញ​ទេ គឺ​អាច​បញ្ជា​ទិញ តាម​ទូរស័ព្ទ ឬ​តាម​បណ្តាញ​សង្គម​ក៏​បាន​ផង​ដែរ​។

 

មក​ដល់​ពេល​នេះ មិនមែន​ជ្រូក​ខ្វៃ​ទាំងអស់ សុទ្ធតែ​ជា​ជ្រូក​ក្លា​ស្សេ​ដែល​គេ​នាំ​ចូល​ដោយ​ខុសច្បាប់​ទាំង​អស់នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​តម្រូវការ​ខ្ពស់​អាច​មាន​ក្រុម​ជនខិលខូច​លួច​បន្លំ​នាំ​ចូល ដើម្បី​ចំណេញ ឬ មួយ​នៅ​ពេល​ដែល​ទីផ្សារ​សាច់​ជ្រូក​នៅ​ក្នុងស្រុក​មិន​អាច​ផ្គត់ផ្គង់​ទំហំ​ជ្រូក ដែល​ត្រូវ​ខ្នាត​សម្រាប់​យក​ទៅ​ខ្វៃ​បាន​គ្រប់គ្រាន់ ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។

ជាក់ស្តែង អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​ទើបតែ​រឹបអូស និង​ដុត​បំផ្លាញ ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក​សរុប​ប្រមាណ​ជា ១.៧៦០ គីឡូក្រាម ស្មើនឹង​៨៨ ក្បាល ដែល​គេ​បាន​ក្លា​សេ​ទុក​ក្រោយ​មានការ​លួច​នាំ​ចូល​ដោយ​ខុសច្បាប់ ដោយ​ជ្រូក ទាំងនេះ​ថែម​ទាំង មាន​ផ្ទុក​វីរុស​ជំងឺឆ្លង ប៉េ​ស្ត្រ​អា​ហ្វិ​ក (ASFV)​ថែម​ទៀត​ផង ។

 

ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​ជ្រូក​កា្ល​ស្សេ​ខុសច្បាប់ និង​ផ្ទុក​ជំងឺ​ទាំងនេះ លោក ប៊ុ​ន ចំរើន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ជំនាញ​នោះ បាន​អះអាង​ថា ជ្រូក​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ ដោយ​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រហូត​ដល់​បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល​សាច់សត្វ​ស្រស់ បង្កក ជា​ច្រើន​កន្លែង​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

ដោយឡែក លោក ហេង មាលី ប្រធាន​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សាច់​ជ្រូក និង​សរីរាង្គ ជ្រូក មាន​ផ្ទុក​វីរុស​ជម្ងឺឆ្លង ប៉េ​សអា​ហ្រិ​ក​ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់​ទេ បន្ទាប់​ពី​យក​សំណាក​ទៅ វិភាគ​នៅ មន្ទីរពិសោធន៍​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។នេះ​មិនមែន​ជា​ករណី​រក​ឃើញ​រក​ឃើញ​ដំបូង​នោះ​ទេ កន្លង​មក​ស្ថាប័ន​នេះ​ក៏​ធ្លាប់​បាន​រក​ឃើញ​ជា​ច្រើន​ដែរ ដោយ​ពពួក​ជ្រូក​ទាំងនេះ​ខ្លះ​ត្រូវ​បាន​នាំ​ចូល​ពី​វៀតណាម ខ្លះ​នាំ​ចូល​ពី​ថៃ​។

 

ស្រប​តាម​ការ​រក​ឃើញ​នេះ គឺ​សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា អ្នក​ដែល​ហូប​សូម​ស្វែងរក​ប្រភេទ ជ្រូក​ណា ដែល​មាន​ត្រា​ត្រឹមត្រូវ​ពីព្រោះ​ជ្រូក​នៅ​ក្នុងស្រុក​ដែល​ចេញពី​ទី​សត្ត​ឃា​.​ត​ស្របច្បាប់ គឺ​សុទ្ធតែ​មាន​ត្រា ប៉ុន្តែ​ក្តី​បារម្ភ គឺ​ខ្លាច​តែ​មាន​ករណី​ឃុបឃិត​ប្រ​ពឹត្ត​ខុសច្បាប់ ខណៈ​ដែល​គេ​ដឹង​ថា សម្រាប់​ទីផ្សារ​សាច់​ជ្រូក​នេះ អ្នក​ចិញ្ចឹម​នៅ​ក្នុងស្រុក​ក៏​អាច​នឹង​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​សឹងតែ​បាន​គ្រប់គ្រាន់​ដែរ​ហើយ​។

 

 

យោង​តាម​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​តម្រូវការ​ជ្រូក​សម្រាប់ បម្រើ​ការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស គឺ​មាន​ប្រមាណ​ជា​ពី​៩០០០​ទៅ​១០.០០០ ក្បាល​នៅ​ក្នុង​មួយ​ថ្ងៃ ស្រប​ពេល​ដែល​អ្នក​ចិញ្ចឹម​នៅ​ក្នុងស្រុក​អាច​មាន សមត្ថភាព​ផ្គត់ផ្គង់​លើស​ពី ៧.០០០ ក្បាល​ទៅ​ហើយ ។

 

សរុប​មក​វិញ​ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក៏​ដូច​ជា សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​ពង្រឹង​ការ​គ្រប់គ្រង​បញ្ហា​នេះ​ឲ្យ​បាន​តឹងរ៉ឹង តាម​និន្នាការ​ច្បាប់ ហើយ​អ្នក​ប្រ​ពឹ​ត្តិ​ល្មើស​ត្រូវ​តែ​ផ្តន្ទាទោស​តាម​ច្បាប់ ចំណែក​អ្នក​ហូប​ចុក​ក៏ គួរតែ​ប្រុង​ប្រយ័ត្ន​ខ្លះ​ដែរ​៕​

នៅ​ពេល​នេះ ក្រុម​អ្នក​ដែល​និយម​បរិភោគ​ជ្រូក​ខ្វៃ​គឺ​មាន​ទំហំ​ចាប់ពី​២​គីឡូក្រាម​ឡើង​រហូត​ដល់​ទៅ​១៥​គីឡូក្រាម ដោយ​តម្លៃ​នៅ​ពេល​នេះ គឺ​មាន​ចាប់ពី​៩០​ដុល្លារ​ឡើង​រហូត​ដល់​២៥០​ដុល្លារ​នៅ​ក្នុង​ជ្រូក​ខ្វៃ​មួយ​ក្បាល ។ កាលពី​មួយ​ឆ្នាំ​មុន តម្លៃ​នៃ​ជ្រូក​ខ្វៃ​គឺ​ខុស​គ្នា​រវាង​ជ្រូក ធម្មតា និង ជ្រូក​កណ្តុរ ប៉ុន្តែ​នៅ​ពេល​នេះ វា​សឹងតែ​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ទេ​ស្រប​ពេល​ដែល​ជ្រូក​កណ្តុរ​ក៏​មាន​អ្នក​ចិញ្ចឹម​ច្រើន​ដែរ​នៅ​កម្ពុជា ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នក​ដែល​ឆ្លៀតឱកាស​លួច​នាំ​ចូល​។

 

crt

Leave a Reply

Your email address will not be published.