ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ អភិបាលរាជធានី-ខេត្តមួយចំនួនស្ងាត់ដូចចោរ លួចសេះ មិនខ្ចីរាយការណ៍ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

សម្ដេច ស ខេង ៖ អភិបាលរាជធានី-ខេត្តមួយចំនួនស្ងាត់ដូចចោរ លួចសេះ មិនខ្ចីរាយការណ៍ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

 

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ស្ដីបន្ទោស​អភិបាល​រាជធានី​-​ខេត្ត មួយ​ចំនួន​ស្ងាត់​ដូច​ចោរលួច​សេះ ហើយ​មិន​ខ្ចី​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​វិញ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​។

 

សម្ដេច ស ខេ​ង លើក​ឡើង​បែប​នេះ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ រួច​ហើយ​ក្រសួង​ធ្វើ​លិខិត​ទៅ​បណ្ដា​ខេត្ត​សាមី ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

 

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បូក​សរុប​លទ្ធផល​នៃ​អង្គសន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​ផ្តល់​អនុសាសន៍​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្ដេច ស ខេ​ង បាន​ស្នើ​អភិបាល​រាជធានី​-​ខេត្ត​បន្ដ​យកចិត្តទុកដាក់​ពាក្យបណ្ដឹង​សំណើរ​សំណូមពរ និង​ការ​ទាមទារ​នានា​របស់​ប្រជាពលរដ្ឋ​។

 

សម្ដេច​បន្ដ​ថា ក្រសួងមហាផ្ទៃ នា​ឆ្នាំ​២០២២​កន្លង​ទៅ​ទទួល​បាន​សំណើរ​សំណូមពរ​សូម​អន្ដរាគមន៍​នូវ​ពាក្យបណ្ដឹង​នានា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទៅ​នឹង​ដីធ្លី​មាន​រហូត​ដល់​១៤៥​ករណី​ក្នុង​រាជធានី​-​ខេត្ត​។ សម្ដេច ស ខេ​ង បាន​គូសបញ្ជាក់​ថា​៖«​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​លិខិត​បញ្ជូន​ទៅ​រាជធានី​-​ខេត្ត ប៉ុន្ដែ​មក​ដល់​ពេល​បាន​តែ​ប្រាំ​រាជធានី​-​ខេត្ត​ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​តប​មក​វិញ ឬ​ក៏​ផ្ដល់​របាយការណ៍​មាន​៦​ករណី ខេត្តមណ្ឌលគិរី មួយ​ករណី ខេត្ត​ព្រះ​សីហ​នុ​ពីរ​ករណី​, កោះកុង មួយ​ករណី​, សៀមរាប​មួយ​ករណី និង​ស្វាយ​វៀង​មួយ​ករណី​។

 

ប៉ុន្ដែ​ក្រៅពី​ហ្នឹង​ស្ងាត់​ដូច​ចោល​លួច​សេះ​មិន​ខ្ចី​រាយការណ៍ មិន​ព្រម​ធ្វើ មិន​ព្រម​រាយការណ៍ វា​ម៉េច​រឿង​ហ្នឹង?ឥឡូវ​សូម​ពិនិត្យ​ឱ្យ​ខ្ញុំ គ្រប់​ខេត្ត ដែល​មិន​ទាន់​ដោះស្រាយ​ម៉េច​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ?​»​។

លើស​ពី​នេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏​បាន​យល់​បញ្ហា​ទាំងនេះ គឺ​មិន​ស្រួល​ឡើយ ប៉ុន្ដែ​លំបាក​យ៉ាងណា​ក៏​ដោយ គឺ​បញ្ជូន​របាយការណ៍​មក​ក្រសួង​វិញ​ហើយ​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ត្រឹមត្រូវ​។​សម្ដេច​ថា តើ​ឧបសគ្គ​រឿង​អ្វី?។ សម្ដេច​ក៏​ណែនាំ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

 

ជាមួយ​គ្នា​នេះ សម្ដេច​លើក​ឡើង​ថា ដោយឡែក​ក្នុង​ឆ្នាំ​២០២២ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ក៏​បាន​ទទួល​មតិយោបល់ និង​សំណូមពរ នានា​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំនួន​ជាង​១.៧០០​ករណី ក្នុង​នោះ​មាន​ករណី​ដែល​ត្រូវ​ដោះស្រាយ​ចំនួន​ជាង​១.៤០០​ករណី បាន​ដោះស្រាយ​ឆ្លើយ​តប​រួច​ចំនួន​ជាង​៨០០​ករណី និង​មាន​ករណី​ជាង​៣០០​ទៀត​ជា​អនុសាសន៍ និង​ព័ត៌មាន​ល្អ​ៗ​សម្រាប់​អនុវត្ត​ការងារ​៕

crt

Leave a Reply

Your email address will not be published.