ព័ត៌មានជាតិ

ចាប់​សាច់​បង្កក​ខូចគុណភាព​៨០​តោន​យក​ទៅ​ដុត​កម្ទេច​ចោល

ចាប់​សាច់​បង្កក​ខូចគុណភាព​៨០​តោន​យក​ទៅ​ដុត​កម្ទេច​ចោល

 

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​«​ក​.​ប​.​ប​» បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​សាច់សត្វ​ស្រស់ បង្កក និង​ផលិតផល​អំពី​សត្វ សរុប​ប្រមាណ​៨.១៧២​គីឡូក្រាម ។

 

ការ​ដុត​បំផ្លាញ​ចោល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ចាក់សំរាម ស្ថិត​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ប៊ុ​ន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តំណាង​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប និង​លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។

 

ឯកឧត្តម​អគ្គនាយករង ក​.​ប​.​ប​. បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទី​តាំង​ស្តុក និង​ចែកចាយ​ផលិតផល​សាច់សត្វ​ស្រស់ ដែល​បង្កក​ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ឯកឧត្តម ប៊ុ​ន ចំរើន បាន​អះអាង​ថា គោលបំណង​នៃ​ការ​ចុះ​ត្រួតពិនិត្យ ត្រូវ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្វែងរក​នូវ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ កង្វះ​អនាម័យ ដែល​នាំ​ដល់​ការ​ចម្លង​ចូល​នូវ​បាក់​តេរី និង​រោគរាតត្បាត​ផ្សេង​ៗ និង​ភាព​អនុលោម​ទៅ​នឹង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជា​ធរមាន ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ ដឹក​ជញ្ជូន និង​ស្តុក​ទុក សាច់​ស្រស់ ឬ​បង្កក និង​ផលិតផល​សាច់ ។

លោក ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផលិតផល​ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់ នាំ​យក​មក​បំផ្លាញ​ចោល​នា​ពេល​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​បង្ក្រាប​បាន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ឃ្លាំង​ស្តុក​សាច់​ស្រស់ និង​បង្កក​នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​កន្លង​មក រួម​មាន​៖ បេះដូង​ជ្រូក​២៤៥​កេស ស្មើនឹង​១.៣១១​គីឡូក្រាម អណ្តាត​ជ្រូក​៤៣៦​កេស ស្មើនឹង​២.៣៣៣​គីឡូក្រាម ជង្គង់​មាន់​២១៧​កេស ស្មើនឹង​២.១៧០​គីឡូក្រាម សត្វ​ត្រី​បង្កក​១០៨​ថង់ ស្មើនឹង​៩៧២​គីឡូក្រាម សត្វ​ទា​បង្កក​១៩៥​ថង់ ស្មើនឹង​១.៣៨៦​គីឡូក្រាម ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​លេខ​៤៣៨ សហ​វ​.​គ​សហ ចុះ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​សំណើ​ចូលរួម​សហការ​អនុវត្ត​វិធានការ​ត្រួត​និត្យ​សាច់​ស្រស់ និង​បង្កក ពិសេស​សាច់ និង​ផលិតផល​ពី​សត្វ​ជ្រូក ដើម្បី​ត្រួតពិនិត្យ​នូវ​ហានិភ័យ នៃ​ជំងឺឆ្លង​ផ្សេង​ៗ ឯកឧត្តម ផា​ន អូន បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​បង្កើន​សកម្មភាព​ចុះ​តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និង​បង្ក្រាប​នូវ​រាល់​ទីតាំង និង​មធ្យោបាយ​ដឹក​ជញ្ជូន និង​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ អាជីវកម្ម​នាំ​ចូល ចែកចាយ ផលិតផល សាច់សត្វ​ស្រស់ បង្កក និង​ផលិតផល​អំពី​សត្វ ត្រូវ​បង្ហាញ​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មាន​ភ្ជាប់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ពី​ប្រទេស​នាំ​ចេញ និង​ត្រូវ​គោរព និង​អនុវត្ត​នូវ​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន ស្តុក​ទុក រួម​ទាំង​ភាព​អនុលោម​ទៅ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេង​ទៀត ។

មុន​នេះ មានការ​រក​ឃើញ​សាច់​ជ្រូក​មាន​ជំងឺប៉េស្ត​អាហ្វ្រិក​គួរ​ឱ្យ​ខ្លាច ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ។ តែ​អ្វី​ដែល​ជា​ការ​បារម្ភ​នោះ សាច់​បង្កក ឬ​កូនជ្រូក​តូច​ៗ ដែល​បន្លំ​ធ្វើ​ជា​ជ្រូក​កណ្ដុរ​អាំង កំពុង​ត្រូវ​បាន​ក្លាយជា​ម្ហូប​លើ​តុ​មង្គលការ​នានា តើ​សុវត្ថិភាព​អ្នក​បរិភោគ​នឹង​ទៅ​ជា​បែប​ណា ? ប្រសិនបើ​ចាប់​ដុត​បំផ្លាញ​យូរ​ៗ​ម្ដង​បែប​នេះ ?

 

ប៉ុន្តែ​ក៏​ជា​សំណាង​ដែរ ព្រោះ​បាន​រក​ឃើញ និង​ដុត​ចោល​ទាន់​ពេលវេលា ។ ពេល​នេះ​ជាវ​ដូ​វ​មង្គលការ ប្រសិនបើ​រក​មិនឃើញ​ទេ សាច់​ខាងលើ​នេះ សង្ស័យ​ផ្លោង​ចូល​រោងការ​មិន​ខាន​ឡើយ ៕

crt

Leave a Reply

Your email address will not be published.