ព័ត៌មានជាតិ

សម្ដេចធិបតី៖ «មិនគួរឱ្យមានករណីមិនទទួលព្យាបាលអ្នកជំងឺដែលគ្មានប្រាក់នោះឡើយ»

ខេត្តសៀមរាប ៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលា នូវក្របសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ សុចរិតភាព និងប្រកបដោយសីលធម៌។ ទាំងនេះ ជាអនុសាសន៍ក៏ជាការអំពាវនាវរបស់នាយរដ្ឋមន្ត្រីកម្ពុជាទៅកាន់គ្រូពេទ្យ។

អនុសាសន៍នេះ ត្រូវគេមើលឃើញថា មានតម្លៃនិងចំកាលៈទេសៈ។ ចំកាលៈទេសៈដោយសារមាន ការរិះគន់ ជាហូរហែពីសាធារណជនទៅលើក្រមសីលធម៌គ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា។ សម្តីគ្រូពេទ្យមិនសមរម្យ គ្រូពេទ្យគិតតែថវិការជាធំ សំខាន់ជាងអាយុជីវិតពលរដ្ឋ។ ពលរដ្ឋក្រីក្រត្រូវគ្រូពេទ្យមួយចំនួនរើសអើង ឬមិន ទទួលព្យាបាលជំងឺជាដើម។

ការរិៈគន់ពីភាពអវិជ្ជមានគ្រូពេទ្យនៅកម្ពុជាបែបនេះ បានកើតមានជាយូរមកហើយ ហើយបានក្លាយជា ជំងឺសង្គមមួយដែរ។ ពិសេសបញ្ហានេះ បានធ្វើឱ្យពលរដ្ឋជាច្រើនបារម្ភនិងខ្វល់ខ្វាយពីការដែលខ្លួនមានជំងឺ គ្មានថវិកាចូលព្យាបាលខ្លួន។

ទំនងជាសម្តេចនាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជាបានដឹងរឿងរ៉ាវដែលពលរដ្ឋខ្វល់ខ្វាយនេះដែរ។ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «គ្រូពេទ្យត្រូវធានាថាគ្មានអ្នកណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែ ទាំព្យាបាល ដោយសារតែស្ថានភាពសង្គមសេដ្ឋកិច្ចរបស់បុគ្គលឬគ្រួសារ ទំនៀបទម្លាប់ សាសនានិងនិន្នាការ នយោបាយឡើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួយមនុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ រដ្ឋាភិបាលអាណត្តិទី៧ បានពន្លឿនកម្ពុជាឱ្យមានវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពទាក់ទងនឹងសុខភាព, ជាពិសេស ការឈានទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល, ដែលគ្មាន ប្រជាជនណាម្នាក់ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធន មនុស្សជាអាទិភាព ព្រោះមនុស្សដែលមានសុខភាពល្អជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យ ទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ៕
 

crt

Leave a Reply

Your email address will not be published.