ព័ត៌មានជាតិ

UNAIDS កោតសរសើរចំពោះភាពឈ្លាសវៃការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក្នុងវិស័យមនុស្សធម៌ ដែលមានទស្សនវិស័យខ្ពស់ ចូលរួមបញ្ចប់បញ្ហាអេដស៍

ភ្នំពេញ៖ លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន នាយិកាអង្គការយូអិនអេដស៍ (UNAIDS) បានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានភាពឈ្លាសវៃក្នុងការដឹកនាំស្ថានប័នមនុស្សធម៌ ដោយមានទស្សនវិស័យវែងឆ្ងាយ ក្នុងការគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជាជន ពិសេសការចុះផ្សព្វផ្សាយអប់រំពីបញ្ហាអេដស៍ទៅដល់សហគមន៍ ដែលជាបញ្ហាសកលលោក។

 

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសចូលជួបពិភាក្សាការងារ ស្ដីពីសក្ដានុពលនៃកិច្ចសហការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ UNAIDS ជាមួយលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជំនួបពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។

 

លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានថ្លែងបន្ដថា លោកស្រីបានមើលឃើញនូវសក្ដានុពលនៃការងាររបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអាចពង្រឹងកិច្ចសហប្រតិបត្ដិការ និងបានផ្ដោតការងារសំខាន់ៗទៅលើការចុះអប់រំផ្សព្វផ្សាយពីបញ្ហាអេដស៍ទៅដល់សហគមន៍។ នេះគឺជាចំណុចគោលដែលយើងគ្រប់គ្នាចង់បាន។

 

លើសពីនោះនាយិកាអង្គការយូអិនអេដស៍រូបនេះ បានកោតសរសើរកាកបាទក្រហមកម្ពុជា ដែលមានភាពជាម្ចាស់ការលើខ្លួនឯងខ្ពស់ក្នុងការងារមនុស្សធម៌ ពិសេសការប្ដេជ្ញាចិត្ដខ្ពស់រួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី», «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ២០២៥។

 

មេរោគអេដស៍ និងជំងឺអេដស៍ ជាបញ្ហាសកល ដែលពិភពលោកត្រូវរួមគ្នាដោះស្រាយ ដូច្នេះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទស្សនវិស័យវែងឆ្ងាយ និង បានដាក់ចេញនូវយុទ្ធសាស្ដ្រការងារជាបន្ដបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអេដស៍នេះ តាំងពីមុនពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានទទួលគោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

 

ក្រោយពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ទទួលបានគោរមងារនេះហើយ ក៏សម្ដេចនៅតែមិនបន្ធូរដៃក្នុងការបន្ដអនុវត្ដសកម្មភាពខាងលើនេះដែរ ដោយសម្ដេចបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ដោយផ្ទាល់ បានកាន់ ចាប់ អោប ដោយសេចក្ដីអាណិតស្រលាញ់ មេត្ដា ករុណា ពិសេសសម្រាប់កុមារ ឬទារកដែលឆ្លងមេរោគអេដស៍ពីម្ដាយ សម្ដេចបានត្រករបី ដាក់ជាប់ដើមទ្រូង ផ្ដល់ភាពកក់ក្ដៅ ដោយបង្ហាញឱ្យសាធារណៈជនឃើញថា​ ការកាន់ ឬប៉ះ ផ្ទាល់ជាមួយអ្នកផ្ទុកមេរោគអេដស៍ មិនមានការឆ្លងនោះទេ និងបន្ដអំពាវនាវកុំឱ្យមានការរើសអើងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី ។

 

លោកស្រីកិត្ដិសង្គហបណ្ឌិត បានប្រាប់ទៅ UNAIDS ទៀតថា ក្រៅពីនោះសកម្មភាពការងារខាងលើ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានចុះជួយសម្រាលការលំបាក និងយកចិត្ដទុកដាក់ចំពោះអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ រួមទាំងការងារចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន ការលើកទឹកចិត្ដឱ្យទទួលយកការប្រឹក្សា និងថ្នាំពីគ្រូពេទ្យ ព្រមទាំងបេសសកម្មមនុស្សធម៌ផ្សេងៗទៀត សម្ដេចក៏ដាក់ចេញនូវគោលដៅលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ទាំងនៅទីក្រុង និងទីជនបទក្នុងសហគមន៍ផងដែរ។ ដោយមើលឃើញពីភាពល្អប្រសើរពីការយល់ដឹងរបស់ប្រជាជននេះហើយ ក្រោមសកម្មភាពការងាររបស់សម្ដេចកិត្ដិព្រឹទ្ធដូច្នេះហើយ ទើបសម្ដេចបានទទួលគោរមងារមួយទៀត ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។

 

បន្ទាប់ពីទទួលគោរមងារខាងលើនេះ កំលុងឆ្នាំ២០១០ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានបង្កើតក្រុមការងារមួយមានឈ្មោះថា «ក្រុមការងារ​ ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ» ដោយដំបូងៗមានត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ២០២០ បានគ្របដណ្ដប់នៅតាមសាខាកាកបាទក្រហមកម្ពុជាទាំងអស់ ដោយក្នុងការគិតគូររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីផ្ដល់សារអប់រំ និងការចុះផ្សព្វផ្សាយអប់រំដោយផ្ទាល់បន្ថែមទៀត បានរីកសាយទៅដល់សហគមន៍ ។ក្នុងនោះមួយឆ្នាំៗសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់នូវសារអប់រំសុខភាព ទៅដល់ប្រជាពលរដ្ឋ ក្នុងឱកាសទិវាជាតិ សុខភាពមាត ទារក និងកុមារ ទិវាឆ្មបជាតិ ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។ នេះហើយជាចំណុចមួយដែលអង្គការកាន់តែចាប់អារម្មណ៍បន្ថែមទៀត។ លោកស្រីកិត្ដិសង្គហបណ្ឌិត បានគូសរម្លឹក។

 

នៅក្នុងបញ្ហានេះ យូអិនអេដស៍ បានចាប់អារម្មណ៍នឹងប្រសាសន៍របស់លោកស្រីកិត្ដិសង្គហបណ្ឌិត គឺសមស្របនឹងទស្សនៈវិស័យរបស់អង្គការ ពិសេសប្រវត្ដិភាពជាអ្នកដឹកនាំដ៏មានឈ្លាសវៃ និងទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលធ្វើការគិតគូរដល់ទៅដល់សហគមន៍តែម្ដង ។លើសពីនោះ អ្វីដែលចង់បានបន្ថែម គឺបញ្ចប់វិសមភាពនៃការទទួលសេវាព្យាបាល បានរីកសាយទៅដល់ជនបទ ដែលយូអិអេដស៍ចង់ធ្វើការផ្សព្វផ្សាយបន្ដទៅដល់យុវវ័យបានយល់ដឹងឱ្យកាន់តែច្រើន ពិសេសនៅតាមសាកលវិទ្យាល័យ ដែលការងារនេះ កាកបាទក្រហមកម្ពុជា ក៏បានធ្វើរួចមកហើយ និងកំពុងអនុវត្ដន៍ជាបន្ដទៀត។

 

ដូច្នេះលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្ដិដែលលោកស្រីមកបំពេញការងារនៅកម្ពុជា នឹងបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ចុះទៅអប់រំផ្សព្វផ្សាយពីបញ្ហាអេដស៍នេះ ទៅដល់ក្រុមប្រឈមខ្ពស់ទាំង៤ (ក្រុមបុរសរួមជាមួយភេទបុរស, ក្រុមបប្លែងភេទ, ក្រុមចាក់គ្រឿងញៀន និងក្រុមស្ត្រីបម្រើការនៅតាមគ្រឹស្ថានកម្សាន្តសប្បាយ) និងក្រុមយុវជន ឬនិស្សិតនៅតាមសាកលវិទ្យាល័យ ពិសេសការសហការរួមគ្នាបន្ដ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយមកកូន និងធ្វើយ៉ាងម៉េចឱ្យទារកដែលឆ្លងមេរោគអេដស៍ពីម្ដាយ ទទួលបានការព្យាបាល៕

crt

Leave a Reply

Your email address will not be published.