ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជសម្រាប់ភ្ញៀវទេសចរទស្សនា

សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជសម្រាប់ភ្ញៀវទេសចរទស្សនា

 

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​កម្រ​ជិត​ផុត​ពូជ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា ដើម្បី​ទទួល​កម្រៃ​ពី​ទេសចរណ៍​ផង​ដែរ​។

 

 

ការ​លើកទឹកចិត្ត​នេះ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ច្បាប់​ធ្វើ​សិក្សា​ច្បាប់​ដែល​ពាក់ព័ន្ធ​ហើយ​ចែង​ហាម​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​កម្រ​ក​ជិត​ផុត​ពូជ​ដើម្បី​វិសោធនកម្ម​ចំណុច​នោះ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​វិញ​។

 

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ចំនួន​២​ខ្នង និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជិត​៥​ពាន់​នាក់ នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ​ជា​ជាង​ទៅ​ចាប់​យក​សត្វ​ដែល​ប្រជាពលរដ្ឋ​ខំ​ចិញ្ចឹម​មក​ទុក​។សម្ដេច​បាន​លើក​ឡើង​ថា បើ​យកទោស​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ក្ងោក​នោះ​អ្នក​មានទោស​មុនគេ គឺ​សម្តេច​បន្ទាប់​មក​លោក ហ៊ុន ម៉ា​និ​ត​, លោក ហ៊ុន តូ និង​លោកស្រី ហ៊ុន ម៉ា​លី​ស តែ​ម្តង​។

 

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ប្រភព​សត្វ​ជិត​ផុត​ពូជ​នេះ គឺ​យើង​បក​ពី​ការ​រឹតត្បិត​ឲ្យ​ទៅ​ជា​ចលនា​ច​ញ្ចឹ​ម​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​ព្រោះ​អាហ្នឹង​អត់​មាន​ខាត​អី​ទាល់តែ​សោះ ហើយ​ច​ញ្ចឹ​ម ដើម្បី​យក​សាច់ យក​សាច់​ទៅ​ធ្វើ​អី អាណា​ស៊ីសាច់​ក្ងោក​។​នាំ​គ្នា​ចិញ្ចឹម ហើយ​ប្រជាពលរដ្ឋ​អាច​ដាក់​ទីតាំង​មួយ​សម្រាប់​មើល​របស់​ប្រជាជន ហើយ​អាច​ទទួល​កម្រៃ​ពី​ទេសចរណ៍​ដែល​ចង់​មើល​។​ខ្ញុំ​ចង់​បង្វែរ​ប្រជាពលរដ្ឋ​របស់​យើង​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ​ទៅ​វិញ​»​។

 

លើស​ពី​នេះ​សម្ដេច នាយក​រដ្ឋមន្ដ្រី​ក៏​មិន​បន្ទោស​មន្ត្រី​អនុវត្តន៍​ច្បាប់ រឿង​ចាប់​យក​សត្វ​ក្ងោក​អ្នក​ភូមិ​ចិញ្ចឹម​ឡើយ​ប្រហែលជា​មន្ត្រី​អនុវត្តន៍​ច្បាប់​សំអាង​លើ​ហេតុផល​ដែល​មាននៅ​ក្នុង​ច្បាប់​។​ចំណុច​នេះ សម្តេច បញ្ជាក់​ទៀត​ថា «​បើ​មាន​មាត្រា​ណាមួយ​និយាយ​អំពី​ការ​រឹត​ត្បឹ​ត​នេះ សូម​ធ្វើការ​កែប្រែ ឬ​វិសោធនកម្ម​ច្បាប់​ត្រង់​មាត្រា​នោះ​តែ​ម្តង​»​។

 

សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ពិនិត្យ​បន្ទាន់​លើ​បញ្ហា​ច្បាប់ ដែល​ពាក់ព័ន្ធ​សត្វព្រៃ ដើម្បី​បង្កើត​សត្វព្រៃ​ឡើង​វិញ​។ សម្ដេច​ថា សត្វ​នេះ​អាច​ចិញ្ចឹម ហើយ​អាច​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ឡើង​វិញ​។​សត្វ​ក្ងោក និង​សត្វ​កម្រ​ផ្សេង​ទៀត​បើ​ងាយ​ចិញ្ចឹម​ត្រូវ​បន្ត​ចិញ្ចឹម ហើយ​លែង​ទៅ​ព្រៃ ខណៈ​សកម្មភាព​នេះ​បង្ហាញ​ពី​ស្ថាន​ភាពល្អ​នៃ​ការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ឡើង​វិញ​។

 

ពាក់ព័ន្ធ​គ្រួសារ​ដែល​ចិញ្ចឹម​ក្ងោក​នោះ​ត្រូវ​សម្តេច​ថា សម្តេច​បាន​ផ្តល់​ថវិការ​១០​លាន រៀល ដើម្បី​ឲ្យ​ពួក​យក​ទៅ​ធ្វើការ​សម្រួល​កន្លែង​ចិញ្ចឹមសត្វ​ក្ងោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​មាន​ភាព​ងាយស្រួល​ផង​ដែរ​។

 

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កន្លែង​ច​ញ្ចឹ​ម​សត្វព្រៃ​នៅ​ភ្នំ​តា​ម៉ៅ​មិន​ប្រាកដ​ថា​«​ច​ញ្ចឹ​ម​រស់​ឡើយ​» ដូច្នេះ​ការ​អនុវត្តន៍​ច្បាប់​ទាំងឡាយ​គួរ​មាន​ភាព​វៃឆ្លាត​បន្តិច​។​ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ក្រុម​អ្នក​ច្បាប់​ពិនិត្យ​សិក្សា​ច្បាប់​ដែល​ពាក់ព័ន្ធ​ករណី​ចិញ្ចឹមសត្វ​នេះ​ហើយ​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​បើក​សម័យប្រជុំ​អនុម័ត ពោល គឺ​ប្រជុំ​តែ​ប៉ុន្មាន​ម៉ោង​អនុម័ត​រួច និង​ដាក់​ទៅ​រដ្ឋសភា​បើក​សម័យប្រជុំ និង​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​។ហើយ​បើសិន​មានការ​ពាក់ព័ន្ធ​អនុក្រឹត្យ​ទៀត សម្តេច​នឹង​ធ្វើការ​ពិនិត្យ កែសម្រួល​តែ​ប៉ុន្មាន​នាទី​ចប់​ហើយ​។

 

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​បន្ទាន់​ឲ្យ​មន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ចុះ​ទៅ​ចាប់​សត្វ​ក្ងោក នៅផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​យក​ទៅ​ប្រគល់​ជូន​ដល់​ម្ចាស់​គេ​វិញ​។ ការ​ដាក់​បទបញ្ជា​របស់​សម្ដេច​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​ទទួល​បាន​សំណូមពរ​ពី​មជ្ឈដ្ឋាន​នានា​ក្រោយ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ចាប់​សត្វ​ក្ងោក​របស់​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​បរិបូរណ៍​៕

crt

Leave a Reply

Your email address will not be published.