ព័ត៌មានជាតិ

ឡាន​សាំ​យ៉ុ​ង​​ដឹក​ថ្នាំពេទ្យ​​ត្រូវ​មន្ត្រី​គយ​២​ខេត្ត​ចាប់​ជាបន្ត​បន្ទាប់គ្នា មិនដឹង​​មូល​ហេតុអ្វី?

ឡាន​សាំ​យ៉ុ​ង​​ដឹក​ថ្នាំពេទ្យ​​ត្រូវ​មន្ត្រី​គយ​២​ខេត្ត​ចាប់​ជាបន្ត​បន្ទាប់គ្នា មិនដឹង​​មូល​ហេតុអ្វី?

 

ខេត្តព្រៃវែង ៖ ថ្នាំពេទ្យ​ជា​ច្រើន​ប្រភេទដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​ ក៏ត្រូវ​បានកម្លាំង​ជំនាញ​គយ ​និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែងធ្វើការ​ចាប់​ឃាត់​យក​ទៅ​ត្រួតពិនិត្យ​ដោយ​សង្ស័យ​ថា «ជា​ទំនិញ​គេច​ពន្ធ» ​។ ការ​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨​ មីនា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ ។

ក្រោយ​ចាប់​ឃាត់ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ២AM ៩៥១៩ ហើយ​នៅ​ក្នុង​រថយន្ត​មាន​ផ្ទុក​ថ្នាំពេទ្យ​ដែល​វេច​ខ្ចប់​ក្នុង​កេះ​បារី​ពេញ​មួយ​រថយន្ត​តែ​ម្តង ​។ ប៉ុន្តែ​អ្វី​ដែល​គេ​កំពុង​តែ​ចាប់​អារ​ម្ម​ណ៌​ខ្លាំង​នោះ គឺ​ក្រោយ​មន្ត្រី​ជំនាញ​គយ​ និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ថ្នាំពេទ្យ​នោះ បាន​តែ​មួយ​ថ្ងៃមួយ​យប់ គឺ​នៅ​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​៩​ មីនា រថយន្ត​សាំ​យ៉ុ​ង ​រួម​ជាមួយ​ថ្នាំពេទ្យ​មួយ​រថ​យន្ត​នោះ ក៏​ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​ម្ចាស់​រថយន្ត​ក៏​បាន​បន្ត​ដឹក​ថ្នាំពេទ្យ​ទាំងនោះ​តាម​កំណាត់​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​កាន់​ខេត្តស្វាយរៀង​បន្ត​ទៀត ​ពេល​ចូល​ដល់​ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង រថយន្ត​សាំ​យ៉ុ​ង​នេះ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​គយ​និង​រដ្ឋាករ​សាខា​ខេត្តស្វាយរៀង​ចាប់​ឃាត់​ទៀត​។

ជុំវិញ​ការ​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ថ្នាំពេទ្យ​នេះ ត្រូវ​បាន​លោក មួ​ង ដា​រ៉ា ប្រធាន​សាខា​គយ

​និង​រដ្ឋាករ​ខេត្តព្រៃវែង​អះអាង​ថា កំលាំង​របស់​លោក​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​នេះ គឺ​ដោយសារ​សង្ស័យ​​ថា រថយន្ត​នេះ​លួច​ដឹក​ម៉ូតូ​គេចពន្ធ ប៉ុន្តែ​ពេល​ឃាត់​បាន​ហើយ​ឆែក​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ទៅ មិនឃើញ​មាន​ម៉ូតូ​គេចពន្ធ បែរជា​ឃើញ​សុទ្ធតែ​ថ្នាំពេទ្យ ហើយ​ថ្នាំពេទ្យ​ទាំង​អស់នោះ​សុទ្ធតែ​មាន​ពន្ធ​ត្រឹមត្រូវ​ថែម​ទៀត ទើប​លោក​បញ្ជា​អោយ​កូនចៅ​ដោះ​លែង​ទៅ​វិញ​ទៅ ប៉ុន្តែ​ក្នុង​ការ​ដោះ​លែង​នេះ មានការ​ផាកពិន័យ​ឬ​អត់​នោះ លោក មួ​ង ដា​រ៉ា មិន​បាន​ធ្វើការ​បកស្រាយ​នោះ​ទេ​ ។

យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ដឹក​ថ្នាំពេទ្យ​នោះ ក្រោយ​ពី​មន្ត្រី​ជំនាញ​គយ​និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង​ដោះ​លែង​ហើយ​នោះ បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​ដល់​ខេត្តស្វាយរៀង ហើយ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​គយ​និង​រដ្ឋាករ​សាខា​ខេត្តស្វាយរៀង​ចាប់​ឃាត់​ទៀត ដោយ​ចាប់​ឃាត់​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី ថ្ងៃ​ទី​៩​ មីនា ថ្ងៃ​ដដែល​នោះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ ហ៊ុន សែន ចេក ក្នុង​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ប៉ុន្តែ​គេ​មិន​បានដឹង​ថា តើ​មន្ត្រី​ជំនាញ​គយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង ចាប់​ឃាត់​រថយន្ត​នេះ​ដោយសារ​មូលហេតុ​អ្វី​ទៀត​នោះ​ទេ ហើយ​ពេល​នេះ​ទាំង​រថយន្ត​និង​ថ្នាំពេទ្យ​ទាំងអស់ ត្រូវ​បាន​ឃាត់​ទុក​នៅ​ស្នាក់​ការ​គយ​និង​រដ្ឋាករ​សាខា​ខេត្តស្វាយរៀងនៅឡើយ ​។

ដោយឡែក​ ចំពោះ​ការ​ដឹក​ជញ្ជូន​ថ្នាំពេទ្យ​ទាំងនេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តព្រៃវែង​បញ្ជាក់​អោយ​ដឹង​ថា ថ្នាំពេទ្យ​ជា​ទំនិញ​ដែល​ងាយ​នឹង​ខូចគុណភាព​ណាស់ ដូច្នេះ​ការ​ដឹក​ជញ្ជូន​ត្រូវ​វិច​ខ្ចប់​អោយ​បាន​ត្រឹមត្រូវ ក្នុង​សីតុណ្ហភាព​ដែល​សម​ស្រប និង​ត្រូវ​មាន​ប្រភព​ច្បាស់លាស់​ផង​ដែរ ប៉ុន្តែ​សំរាប់​ថ្នាំពេទ្យ​ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​នេះ គឺ​មិន​បាន​អនុលោម​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​សុខាភិបាល​ទេ ប៉ុន្តែ​មន្ត្រី​ជំនាញ​សុខាភិបាល​ក៏​មិន​មាន​សិទ្ធិ​ចាប់​ឃាត់​រថយន្ត​នោះ​ដែរ គឺ​មាន​សិទ្ធិ​ត្រួតពិនិត្យ​តែ​នៅ​តាម​គ្លីនិក​និង​កន្លែង​លក់​ថ្នាំពេទ្យ (​ហ្វា​ម៉ា​ស៊ី​) ប៉ុណ្ណោះ​។

crt

Leave a Reply

Your email address will not be published.