ព័ត៌មានជាតិ

សម្តេច​តេ​ជោ ៖ CPP ជា​និមិត្តរូប នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី បាន​ប្រកាស​ជា​ផ្លូវការ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​និមិត្តរូប នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មើលឃើញ​ភាព​ជាក់ស្តែង​។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​មួយ​ចំនួន តែងតែ​នាំ​គ្នា​ប្រកាស​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យ៉ាងណា​ក្តី ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បៀ​ប្រាយ (BBU) នៅ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ឥឡូវ​យើង​គួរ​និយាយ​ជាមួយ​គ្នា​ច្បាស់​ៗ​ថា ហេតុ​អ្វី​បានជា​គណបក្ស​ប្រជាជន​ដឹកនាំ​រាជរដ្ឋាភិបាល គឺ​ហ៊ាន​អះអាង​ថា គណបក្ស​នេះ ដែល ដឹកនាំ​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​ជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​»​។

 

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា «​ការ​ផ្លាស់​ប្តូរ ដោយសារ​ផ្លាស់​ប្តូរ​ពី​របប​វាល​ពិ​ឃា​.​តម​ក​កាន់ការ​រស់​រាន​មានជីវិត​ឡើង​វិញ​។ ការ​ផ្លាស់​ប្តូរ​ពី​សង្គ្រាម​មក​កាន់​សន្តិភាព ការ​ផ្លាស់​ប្តូរ​ពី​ភាព​ក្រី ក្រ​តោកយ៉ាក​មក​កាន់​ស្ថានភាព​ដែល​ប្រទេស​មួយ​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​អាច​ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ ហើយ​នៅ​ឆ្នាំ​២០៥០​ទៅ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​»​។

 

សម្តេច​គូសបញ្ជាក់​ថា ៖ «​នេះ​ជា​ការ​មាន​ចរិត​ជាក់ស្តែង​និយម​ដែល​យើង​បានឃើញ សូ​ម្បី​តែ​ខ្ញុំ​ចុះ​ពី​រថយន្ត​មិ​ញ ខ្ញុំ​អើត​មើលឃើញ​អគារ​មួយ​ខ្ពស់ ដល់​សួរ​អ្នក​នៅ​ជិត​មិនដឹង​របស់​អ្នក​ណា​ផង​។ សូ​ម្បី​តែ​កោះ​ពេជ្រ ដែល​ពី​ដើម​ឡើយ​គ្រាន់តែ​ជា​កន្លែង​នាវា​មួយ​ដឹក​ជញ្ជូន​ហើយ​លិច «…» អ៊ីចឹង​ខ្ញុំ​ឯកសារ​ទុក​វី​ដេ​អូ​។ អ៊ីចឹង​ទីក្រុង​ភ្នំពេញ​ពេល​នោះ​មាន​អគារ​ខ្ពស់​តែ​មួយ​ទេ ប៉ុន្តែ​ឥឡូវ​មាន​អគារ​ច្រើន រហូត​ដល់​ច្រើន​ជាន់​ដល់​ជាង​៤០​ជាន់​ទៀត​»​។

 

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​អ្វី​ដែល​រីក​ចម្រើន​មក​ដល់​ពេល​នេះ គឺជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ ដូច្នេះ​អ្នក​ដទៃ​គេ​អាច​មាន​សិទ្ធិ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណ បក្ស​តែ​មួយ​គត់​ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែម​ថា ៖«​អ៊ីចឹង​ចាប់ពី​ពេល​នេះ​តទៅ គណបក្ស​ប្រជាជន​ក៏​និយាយ​អំពី​ខ្លួន ក៏​ជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​ជាក់លាក់​មួយ ហើយ​យើង​ក៏​បាន​ធ្វើ​ពិត «…» យើង​ប្រែក្លាយ​ពី​ការ​អត់​សាលារៀន​មក​មាន​សាលារៀន​»​។

 

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា «​អ្វី​ដែល​លើក​ឡើង​មិន​គ្រាន់តែ​ជា​និមិត្តរូប​ទេ តែ​វា​ជា​ការ​ផ្លាស់​ប្តូរ​ភាព​ជាក់ស្តែង​។ ការ​ភូត​កុហក​ណាមួយ​មិន​អាច​គេ​ថា មិន​យកដៃ​បាំង​ព្រះអាទិត្យ​បាន​ទេ​។ ជាក់ស្តែង​នៅ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត គឺ​មានការ​អភិ​ឌ្ឍ​ន៍​ទាំងអស់ ដែល​ខុស​ពី​មុន​»​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​អ្វី​ដែល​សម្តេច​លើក​ឡើង​ពី​ភាព​ជាក់ស្តែង​នេះ មិនមែន​ជា​ការ​យក​បន្លា​ជួស​បន្លា​នោះ​ទេ តែ​សម្តេច​យក​ញញួរ​ទៅ​បង្ក្រាប​បន្លា​តែ​ម្តង​»​។

 

សម្តេច​បន្ថែម​ថា ៖ «​រឿង​ពិត​កើតឡើង​គឺ​អ៊ីចឹង តើ​អ្នក​ណា​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ? បើ​សិនជា​អ្នកឯង​និយាយ​តែត្រឹម​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​របប ប៉ុន្តែ​បើ​អ្នកឯង​និយាយ​ពី​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​ពី​សង្គ្រាម​មក​សន្តិភាព ពី​របប​ប្រល័យពូជសាសន៍​មក​កាន់​រស់រាន​មានជីវិត ពី​ការ​អន់​ឃ្លាន​មក​មាន​អ្វី​ដែល​មាន ខ្ញុំ​អាច​ជឿ​អ្នកឯង​»​។

 

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ចំអក​នៅ​កាន់​អ្នក​និយាយ​ពី​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​មិន​ចង់​ផ្លែផ្កា​ឲ្យ​អ្នក​ណា​ទេ ក៏​ប៉ុន្តែ​និយាយ​ច្រើន​ពេក​ពី​និមិត្តរូប អ៊ីចឹង​ទេ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ពេល​នេះ​តទៅ​ប្រកាស​ខ្លួន​ថា ពី​ពេល​នេះ​តទៅ​នៃ​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​កម្ពុជា​»​។ សម្តេច​តេ​ជោ​បន្ថែម​ថា «​នេះ​ជា​សារ​នយោបាយ​មួយ​កាត់​ផ្តាច់​តែ​ម្តង ដោយសារ​អ្វី​ដែល​កើតឡើង​គឺជា​រឿង​ពិត​។ ឥឡូវ​យើង​គិត​មើល កាល​ឆ្នាំ​១៩៧៩ យើង​អត់​មានអី​ទេ តែ​ឥឡូវ​យើង​មាន​អ្វីខ្លះ?​»៕

crt

Leave a Reply

Your email address will not be published.