ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរកបាន៣ពិន្ទុពេញពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់ពីយកឈ្នះហ្វីលីពីន ៣-២

សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរកបាន៣ពិន្ទុពេញពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់ពីយកឈ្នះហ្វីលីពីន ៣-២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរកបាន ៣ពិន្ទុពេញពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីនដោយលទ្ធផល ៣-២ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។

សូមជម្រាបថា ជំនួបបើកឆាកពានរង្វាន់ប្រចាំតំបន់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ២០នាទីដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ មុនកីឡាករហ្វីលីពីន Kenshiro Michael Lontok Daniels រកបាន ១គ្រាប់វិញ នៅនាទី៤១ ។

ចូលវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែល Kenshiro Michael Lontok Daniels បានធ្វើសម្រេចគ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះ ២-២ វិញ នៅនាទី៥៥ ។ ប៉ុន្ដែកីឡាករ រ៉ឹង ប៊ុនហៀង បានបន្ថែមគ្រាប់នាំមុខជាថ្មីឲ្យកម្ពុជាវិញ នៅនាទី៥៩ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា បានយកឈ្នះហ្វីលីពីន ៣-២ ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈរនៅលេខរៀងទី២ ក្នុងតារាងពូល A ដែលមាន៣ពិន្ទុដូចគ្នាទៅនឹងក្រុមជម្រើសជាតិថៃ ដែលបានយកឈ្នះក្រុមជម្រើសជាតិប៊្រុយណេ ៥-០។ សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជានឹងដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូខាងមុខ ។ បន្ទាប់មកទើបកម្ពុជាត្រូវបើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិប៊្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕

 

crt

Leave a Reply

Your email address will not be published.